ភ្នំពេញៈ នៅវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តឡង់គ្រីស័រ និងរថយន្ត KIA CARNIVAL បើកបោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន នៅផ្លូវបែកជាបួន បណ្តាលឲ្យជ្រុលបុកគ្នាពេញទំហឹង នៅចំណុចក្បែរសាលារៀនសុវណ្ណភូមិ ស្ថិតតាមបណ្ដោយផ្លូវលេខ១៩៣៨ កែងនិងផ្លូវ១០១៥ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញបុរសជាជនជាតិចិនម្នាក់ បើកបររថយន្ត មួយគ្រឿងម៉ាក KIA CARNIVAL ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-7318 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០១៥ ទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនលឿន ។ ខណៈពេលនោះក៏មាន រថយន្ត មួយគ្រឿងទៀតម៉ាក ឡង់គ្រីស័រ ពណ៌ស គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ១៩៣៨ ទិសដៅពី លិចទៅកើតក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ ផ្លូវបែកជាបួន រថយន្តទាំងពីរគ្រឿងនោះ ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលបុក គ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តឡង់គ្រីស័រ ខ្ទាតឡើងទៅលើខឿនចិញ្ចើមផ្លូវ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ចំណែក ឯរថយន្ត KIA CARNIVAL បានរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ តែមិនបង្កឲ្យមាននរណាម្នាក់ រងរបួស នោះទេ ។ បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តទាំងពីរ ក៏បានចាកចេញពីកន្លែងកើតហេតុ បាត់ស្រមោលរៀងៗខ្លួន ។
ក្រោយពេលកើតហេតុ ក៏មានតំណាងរថយន្តទាំងពីរគ្រឿង បានចូលខ្លួនមកធ្វើការចរចាដោះស្រាយគ្នា ដោយមិនចង់មានរឿងវែង ឆ្ងាយ ក៏ព្រមសម្របសម្រួលយករថយន្តទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
មតិយោបល់