កំពង់ធំៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីក្នុងព្រះវិហារវត្តឈើទាល បង្កឲ្យមានការភ្នាក់ផ្អើលថល់ពុទ្ធបរិស័ទចំណុះជើងវត្តនាំគ្នាយកទឹកមកជះពន្លត់ និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីនាំរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី១៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបរិវេណវត្តឈើទាល ក្នុងភូមិឈើទាល ឃុំកំពង់ត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
បន្ទាប់ពីមានសេចក្តីរាយការណ៍នេះភ្លាមៗ សមត្ថកិច្ចនគរបាលមូលដ្ឋាន រួមនិងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចុះមកធ្វើការបាញ់ពន្លត់ដល់ចំណុចព្រះវិហារដែលឆាបឆេះខាងលើ ប្រើប្រាស់ទឹកចំនួន៥រថយន្តទើបរលត់ទៅវិញជាស្ថាពរតែម្តង។ ចំណែកមូលហេតុត្រូវបានសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា អាចបណ្តាលមកពីព្រះសង្ឃ លោកដុតទៀនវស្សា រួចក៏និមន្តចោល ទើបបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះបែបនេះតែម្តង៕
មតិយោបល់