ព័ត៌មានជាតិ

រថយន្តកាមរីបាឡែនបើកលឿនជ្រុលទៅបុករថយន្តហាយឡែនឌ័រ ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៣១៧ កែងផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក ហាយឡែនឌ័រ មួយគ្រឿង ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AN-0915 បើកបរតាមបណ្ដោយផ្លូវ៣១៧ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-6453 បើកដោយបុរសម្នាក់រួមដំណើរជាមួយ និងមនុស្ស ៣នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥២៨ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ផ្លូវបំបែកជាបួនជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្ត ហាយឡែនឌ័រ ចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ គ្រាន់តែរងការខូចខាតរថយន្តទាំងសងខាង។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ ចុះមកដល់រួចក៏ពិនិត្យវាស់វែងយករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់