ព័ត៌មានជាតិ

Update៖ អគ្គិភយ័ឆាបឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន២២ខ្នងនៅខណ្ឌមានជ័យ

ភ្នំពេញៈ ​ផ្ទះ​ពលរដ្ឋ​២២ខ្នង​ស្មើ​នឹង​៣១​គ្រួសារ​ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ទាំង​ស្រុង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ នេះ​ នៅ​ភូមិ​ក្បាលទំនប់ទី៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។ មូលហេតុ​នៃ​អគ្គិភ័យ​នេះ​ ពុំ​ទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ​ តែ​អាច​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​ ។

លោក​ ឌី​ រ័ត្ន​ខេមរុណ​ អភិបាលរង​ខណ្ឌ​មានជ័យ​បានប្រាប់ឲ្យដឹងថា ក្នុងនាមរូបលោកជាអាជ្ញាធរមូលដ្ឋានដែល​មានវត្តមាន​តាំង​ពី​អគ្គិភ័យ​ចាប់ផ្តើមឆាបឆេះ​ដំបូងរហូត​ដល់​ភ្លើងរលត់​ទៅវិញនោះ។ មានលំនៅឋានទាំង ២២ខ្នងដែលភ្លើងឆាបឆេះអស់នេះ ជាប្រភេទលំនៅឋានសាងសង់ពីឈើប្រកសង្ក័សី និង មួយចំនួនទៀតធ្វើពីថ្មខាងក្រោម និងឈើលើក៏មាន ដោយសាងសង់នៅជាប់ៗគ្នាយ៉ាងរដឹកតែម្តង ហើយក្នុងហេតុការណ៍ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។

លោក​ បញ្ជាក់​ថា​ ក្នុងហេតុការណ៍នេះ ឆាបឆេះអស់​រយៈ​ពេល១ម៉ោង ដោយកម្លាំងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ ២៧គ្រឿង ក្នុងនោះ៥គ្រឿង មកពីអាវុធហត្ថរាជធានី​ភ្នំពេញ និង ២២គ្រឿងទៀតមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ អណ្តាតភ្លើងត្រូវរលត់សូន្យសុងទៅវិញ នៅវេលាម៉ោង៦និង២០នាទី​ ព្រឹកថ្ងៃដដែលនេះ។

ក្នុងការចុះអន្តរាគមន៍ កម្លាំងជំនាញអគ្គិភ័យ មានការលំបាកខ្លាំង ព្រោះស្ថានភាពផ្លូវនៅតំបន់កើតហេតុជាផ្លូវ​មានលក្ខណះតូចចង្អៀត ពិបាកសម្រាប់រថយន្តពន្លត់អគ្គិភ័យចូលទៅអន្តរាគមន៍បាញ់ទឹកពន្លត់ដូច្នេះហើយត្រូវប្រើពេលយូរ៕

មតិយោបល់