ព័ត៌មានជាតិ

ស្រី្តម្នាក់បានស្លាប់យ៉ាងរន្ធត់ ក្រោយពីត្រូវថយន្តដឹកទឹកកក បើកវ៉ាជែងស្តាំជ្រុលទៅបុក

ភ្នំពេញ: ស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ខណ:ដែលកំពុងជិះម៉ូតូធ្វើដំណើរ ជាមួយប្តីនិងកូន ស្រាប់តែមានរថយន្តកូរ៉េឃ្លប់ ដឹកទឹកកកមួយគ្រឿង បើកវ៉ាជែងពីខាងស្តាំរថយន្តខាងមុខ ហើយជ្រុលទៅបុកពីក្រោយម៉ូតូជនរងគ្រោះពីក្រោយ ដួលធ្លាក់ហើយកិនបន្ថែម បណ្តាលឲ្យស្លាប់ភ្លាមមួយពព្រិចភ្នែក ចំណែកប្តី និងកូនប្រុសអាយុ៣ឆ្នាំ រងរបួសស្រាល។

ហេតុការណ៍នេះ កាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីរងគ្រោះមានឈ្មោះ សុខា ស៊ីណា អាយ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូន២នាក់ប្រុសម្នាក់ ស្រី១ មានប្តីឈ្មោះ លន់ សុភ័ក្រ អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វឯម ខេត្តកណ្តាល ។

តាមសម្តីជនរងគ្រោះជាប្តី បានឲ្យដឹងថា មុនកើតហេតុ គាត់បានជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-2548 ឌុបប្រពន្ធពីក្រោយ ហើយអង្គុយឱបកូនប្រុសម្នាក់ផង ក្នុងគោលបំណងឆ្ពោះទៅរោងចក្រ ដោយធ្វើដំណើរ ឆ្លងផ្លូវជាតិលេខ៤ពីត្បូងទៅជើងផុតហើយ ជិះសរសៀ ផ្លូវជាតិលេខ៤ ពីកើតទៅលិច ហើយមានអមដោយកង់កូនស្រីម្នាក់ទៀត ជិះពីខាងស្តាំម៉ូតូផង បានបន្តិចស្រាប់តែរថយន្តបង្ក កូរ៉េឃ្លប់ ពណ៌ស ចំណុះ២,៥តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6120 បើកពីកើតទៅលិច វ៉ាជែងរថយន្តខាងមុខពីខាងស្តាំដៃ ជ្រុលមកបុកម៉ូតូគាត់ពីក្រោយតែម្តង បណ្តាលឲ្យដួលធ្លាក់ប្រពន្ធ ត្រូវរថយន្តបង្កកិនបន្ថែមស្លាប់ភ្លាមៗ នៅកន្លែង។ ចំណែក ប្តី កូនប្រុសស្រីរងរបួសស្រាលប៉ុណ្ណោះ។

ក្រោយកើតហេតុភ្លាម អ្នកបើកបររថយន្តបង្ក បើកទ្វារចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ភ្លាមៗផងដែរសមត្ថកិច្ចទាំងប៉ុស្តិ៍ ទាំងនគរបាលខណ្ឌ បានចុះទៅសម្រួលចរាចរណ៍ ខណ:ដែលស្ថានភាពផ្លូវចំណុចខាងលើ កកស្ទះចរាចរណ៍យ៉ាងខ្លាំង។

បច្ចុប្បន្នសពក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួច ប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត រីឯរថយន្ត និងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីកសាងសុំរឿង តាមនីតិវិធី៕
//www.youtube.com/watch?v=xIWKA6BydwY

មតិយោបល់