ព័ត៌មានជាតិ

ជិះម៉ូតូទៅកៀររថយន្ត​ចតនៅស្ងៀម សងគេអស់​​​២០០ដុល្លារ​ទាំងព្រឹក!

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូម៉ាកហុង C125 មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ បាន បើកទៅកៀរនិងរថយន្តម៉ាក CHEVROLET មួយគ្រឿងចតនៅស្ងៀម បណ្តាលឲ្យឆ្កូតអស់មួយ​ចំហៀង ហើយត្រូវម្ចាស់គេ ចាប់ឲ្យសងជាសំណងចំនួន២០០ដុល្លារ ដើម្បីដោះស្រាយគ្នាបញ្ចប់រឿង។

ហេតុការណ៍នេះដែរបានកើតឡើងនៅ វេលាម៉ោង ៩ និង ១៥នាទីព្រឹក ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវលេខ ៣៣៨ ក្នុងសង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក CHEVROLET ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AF-0467 មួយគ្រឿង ត្រូវបានបុរសម្នាក់បើកយកមកចតទុកនៅស្ងៀមនៅចំណុចខាងលើ។
លុះបន្តិចក្រោយ មកក៏ស្រាប់តែមានម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FK-1073 ដែលបើកបរដោយបុរស ម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នានោះ បើកទៅកៀររថយន្តមួយគ្រឿងនោះ បណ្តាលឲ្យឆ្កូតអស់មួយចំហៀងខាងឆ្វេងតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ដោយឲ្យភាគីទាំង២ ធ្វើការដោះស្រាយគ្នា ដោយភាគីខាងម៉ូតូយល់ព្រមសងថ្លៃខូចខាតទៅដល់ម្ចាស់រថយន្តដែលរងការខូចខាតខាងលើចំនួន ២០០ ដុល្លារបញ្ចប់រឿងភ្លាមៗផងដែរ៕

មតិយោបល់