ព័ត៌មានជាតិ

កម្មការីនីម្នាក់ និងបក្ខពួក៥នាក់ ផ្សំគំនិតគ្នាលួចរបស់រោងចក្រ ឃាត់ខ្លួនបានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ កម្មការីនីរោងចក្រស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែបានធ្វើការឃាត់ខ្លួន ក្រោយពីរូបគេបានផ្សំគំនិតលួចរបស់ក្នុងរោងចក្រ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងរោងចក្រ ស៊ូព្រីមៀរ២ ស្ថិតនៅផ្លូវលេខ៦២R ក្រុមទី១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ដោយសារតែជនរងគ្រោះតំណាងរោងចក្រស៊ូព្រីមៀរ២ ឈ្មោះ ថាំ គឹមស៊ីន ហៅសៀន ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខងារជាប្រធានរដ្ឋបាលរោងចក្រខាងលើ បានចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ឈ្មោះ សាន ចាន់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខងារ ផ្នែកបើកសម្ភារៈស្បែក ស្នាក់នៅបន្ទប់ជួលគ្មានលេខ ក្រុមទី១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ដើម្បីធ្វើការសាកសួរ។

ក្រោយពីសមត្ថកិច្ចបានធ្វើការសាកសួររួចមកជនសង្ស័យខាងលើបានសារភាពថា ខ្លួននិងបក្សពួកចំនួន០៤នាក់ ពិតជាបានលួចយកសម្ភារៈស្បែកក្នុងរោងចក្រខាងលើពិតប្រាកដមែន ដោយ ទី១ ឈ្មោះ សុង ប៉េងសៀង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខងារប្រធានផ្នែកតុកាត់B ។ ទី២ ឈ្មោះ តុន ទុំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខងារ ផ្នែកបើកសម្ភារៈស្បែក ។ ទី៣ ឈ្មោះ រិន បូរី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខងារ កម្មកររោងចក្រខាងលើ និងទី៤ ឈ្មោះ យ៉េត មុន្នីរ័ត្ន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខងារ អ្នកបើកបររថយន្តដឹកសម្ភារៈក្នុងរោងចក្រអ្នកទាំងបួនបានរត់គេចខ្លួនបាត់។

ជនសង្ស័យឈ្មោះ សាន ចាន់ បានប្រាប់បន្តទៀតថា ពួកគេទាំង០៤នាក់បានធ្វើសកម្មភាពលួចយកស្បែកមិនទាន់ដេរជារៀងរាល់ថ្ងៃ នៅពេលដែលបាត់ម្តងៗ ជនសង្ស័យឈ្មោះ សាន ចាន់ បានរាយការណ៍ទៅប្រាប់ជនសង្ស័យម្ចាស់ទៀតឈ្មោះ សុង ប៉េងសៀង ថាសម្ភារៈនៅក្នុងឃ្លាំងបាត់រហូត។ ក្រោយមកជនសង្ស័យឈ្មោះ សុង ប៉េងសៀង បានប្រាប់ទៅស្ត្រីដែលជាជនសង្ស័យនោះថា ដឹងហើយនៅឲ្យស្ងៀមទៅមិនបាច់ភ័យទេ ចាំរូបគេឲ្យប្រាក់ចាយ ស្ត្រីដែលជាជនសង្ស័យនោះ បាននិយាយប្រាប់ថា ប្រាក់ដែលឈ្មោះ សុង ប៉េងសៀង ឲ្យម្ដងៗមានចំនួន ១០០០០រៀលឬ ១០ដុល្លារជាញឹកញាប់ ចាប់តាំងពីខែកុម្ភៈ រហូតមកដល់ខែមិថុនា ឆ្នាំ២០១៦នេះ ។

បើតាមការបញ្ជាក់ពីតំណាងរោងចក្រឈ្មោះ ថាំ គឹមស៊ីន និងជាប្រធានរដ្ឋបាលរោងចក្របានប្រាប់ឲ្យដឹងថា សម្ភារៈដែលពួកគេលួចយកទៅនោះ មានស្បែកមិនទាន់ដេរប្រហែល ចំនួន ៤១៩៩SF បើគិតជាទឹកប្រាក់វិញ ចំនួន១០០០០ដុល្លាជាង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការស្រាវជ្រាវរកបក្សពួកដែលកំពុងរត់គេចខ្លួន និងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់