ព័ត៌មានជាតិ

រថយន្តដឹកឈើចំនួន៧គ្រឿង ត្រូវបានកម្លាំងបរិស្ថានខេត្តមណ្ឌលគិរី បង្ក្រាបជាបន្តបន្ទាប់

មណ្ឌលគិរីៈ រថយន្តដឹកឈើល្មើសច្បាប់ចំនួន៧គ្រឿង ត្រូវបានមន្ត្រី មន្ទីរបរិស្ថានខេត្ត បានបញ្ចេញកណ្តាប់ដៃដែកចុះបង្ក្រាបបទល្មើសព្រៃឈើយ៉ាងមមាញឹក រហូតឈានដល់ឃាត់ និងចាប់បានជាបន្តបន្ទាប់ក្នុងខែមិថុនានេះ។

ជាក់ស្ដែងនៅម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ មិថុនា ២០១៦ នៅចំណុចគីឡូម៉ែត្រ ៥៩ (កន្លែងកិនថ្ម) ក្នុងភូមិសាស្រ្ត ឃុំអូរអាម ស្រុកកែវសីមា រថយន្តកាមរីគូថហើម ពណ៌ខ្មៅ អត់ស្លាកលេខមួយគ្រឿង ត្រូវបានមន្រ្តីបរិស្ថានបង្ក្រាបភ្លាមៗ នៅពេលដែលឈ្មួញកំពុងដឹកជញ្ជូនឈើប្រណីត លើផ្លូវជាតិលេខ៧៦ ពីស្រុកអូររាំង ឆ្ពោះទៅស្រុកកែវសីមា។

លោក រ័ត្ន សុវណ្ណ ប្រធានដែនជម្រកសត្វព្រៃកែវសីមា បានប្រាប់ភ្ងាក់ងារយកព័ត៌មាន Post News យើងឲ្យដឹងថា នៅពេលកម្លាំងកំពុងចុះល្បាតតាមដងផ្លូវពីស្រុកកែវសីមាទៅស្រុកអូររាំង បានប្រទះឃើញរថយន្តល្មើសខាងលើកំពុងធ្វើដំណើរតាមផ្លូវ ក៏ស្ទាក់ចាប់បានភ្លាមៗ។

លោកបន្តថា នៅពេលកម្លាំងកំពុងប្រតិបត្តិការ អ្នកបើកបររថយន្តបានទុករថយន្តចោលហើយរត់គេចចូលព្រៃបាត់ស្រមោល។ រថយន្តល្មើសខាងលើ ត្រូវកម្លាំងជំនាញបរិស្ថានចាប់បាន មានផ្ទុកឈើប្រណីតប្រភេទធ្នង់ចំនួន១០កំណាត់។

បច្ចុប្បន្នវត្ថុតាងបានយកមករក្សាទុកនៅក្នុងមន្ទីរបរិស្ថានខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់