ភ្នំពេញៈ ជាផ្នែកមួយនៃការចូលរួម អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល នគរបាលខណ្ឌឬស្សីកែវ បានបង្ក្រាបទីតាំងល្បែងប្រជល់មាន់មួយកន្លែង ក្នុងទឹកដីរបស់ខ្លួន ដោយឃាត់ខ្លួនបាន ជនសង្ស័យ ៥នាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយសាកសួរនាំ ក្រុមជនសង្ស័យទាំង ៥នាក់ រួចរាល់ហើយ លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឲ្យក្រុមជនសង្ស័យទៅផ្ទះវិញហើយ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ។
ពាក់ព័ន្ធករណីនេះ លោកស្រី ស៊ឺ វណ្ណី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាម Telegram ថា «ខ្ញុំបានអនុញ្ញាតអោយទៅវិញហើយ ដោយអំពើរបស់ជនសង្ស័យ ពុំអាចឃុំខ្លួនបានឡើយ»។
គួររំលឹកថា កម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅបានចុះបង្ក្រាប ទីតាំង បើកល្បែងស៊ីសងខុសច្បាប់ មួយកន្លែង នៅចំណុចផ្លុវបេតុងទួលតាប៉ុក ក្នុងដីឡូតិ៍ទុកចោល ក្រុម១៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ នគរបាល រត់ចេញចាប់ ក្រុមអ្នកប្រជល់មាន់ ផ្អើលភូមិ រហូត ចាប់បាន ជនសង្ស័យ ៥នាក់ និងវត្ថុតាងមួយចំនួន បញ្ជូនទៅតុលាការ ដើម្បីដោះលែង៕
https://www.youtube.com/watch?v=y82paRzMDEA
មតិយោបល់