ព័ត៌មានជាតិ

លួចម៉ូតូគេបាន៦ខែទុកនៅផ្ទះ ជិះដើរលេង ម្ចាស់ប្រទះឃើញប្តឹងប៉ូលិសចាប់វាយខ្នោះ!..

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីអំពើលួចម៉ូតូ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែ មករា ឆ្នាំ២០១៨ នៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សន ផានិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងកាត់សក់ មានទីលំនៅភូមិវិហារសួគ៌ជើង ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ យ៉ុង គោ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិស្លែង ឃុំ ជីបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស ស៊េរីឆ្នាំ២០១៨ ស្លាកលេខ កណ្តាល1W-7907។

នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះបានយកម៉ូតូទុកនៅកន្លែងតារាងបាល់ទាត់ ភូមិសេដាឃុំ វិហារសួគ៌ រួចហើយចូលទៅលេងបាល់ទាត់
បានបន្តិចស្រាប់តែបាត់ម៉ូតូ។ ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង៣និង៣០នាទី ជនរងគ្រោះបានទៅបង់ប្រាក់នាគារនៅផ្សារព្រែកអញ្ចាញ ស្រុកមុខកំពូល ស្រាប់តែឃើញម៉ូតូរបស់ខ្លួនត្រូវមនុស្សប្រុសម្នាក់ជិះកាត់មុខជនរងគ្រោះ។ ឃើញដូចនោះជនរងគ្រោះបានរាយការណ៍ប្រាប់នគរបាលស្រុកមុខកំពូល កម្លាំងនគរបាលស្រុករួមជាមួយជនរងគ្រោះ ដេញតាមចាប់ជនសង្ស័យបានប្រគល់ជនសង្ស័យឲ្យអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាថា ខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះយកទៅទុកនៅផ្ទះរបស់ខ្លួន។
ករណីនេះ សមត្ថកិច្ចបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់