តាកែវៈ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយកើតឡើងនៅភូមិសំរោង ឃុំសំរោង ស្រុកសំរោង ។
ជនរងគ្រោះឈ្មោះ សុខ ម៉េង ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ត្រូវបានឃាតករវាយចំលើថ្ងាសខាងឆ្វេង និងត្រង់ក្បាលចំនួន៣កន្លែង បណ្ដាលឲ្យស្លាប់។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងជំនាញស្នងការដ្ឋាន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង ចុះដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យលើកសាកសព ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនដៃដល់មកន្ទាទោសតាមផ្លូវច្បាប់។
ទើបនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៣.០០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង បានកំណត់មុខសញ្ញា និងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ងិន បុផ្ផា ហៅផា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា មូលហេតុដែលឈានដល់ការសម្លាប់ជនរងគ្រោះ គឺបណ្តាលមកពីជនសង្ស័យមានគំនុំជាមួយជនរងគ្រោះកាលពីជាង១ឆ្នាំមុនមកម្ល៉េះ៕
មតិយោបល់