ភ្នំពេញៈ កីឡាប៉េតង់ និងវាយកូនឃ្លីលើតុ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ជូលបន្ថែមលើប្រភេទកីឡា ដែលមានស្រាប់ សម្រាប់ការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទូទៅ ប្រចាំឆ្នាំសិក្សា២០១៥-២០១៦ ដែលនឹងដំណើរការប្រកួតចាប់ពីថៃ្ងទី២៧ ខែមិថុនា រហូតដល់ថៃ្ងទី៨ ខែកក្តដា ឆ្នាំ២០១៦នេះ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទូទៅ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ លោក ដួងមាស ចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត នៃក្រសួងអប់រំ បានឲ្យដឹងថា កីឡាទាំង២ប្រភេទ ដែលបានបញ្ចូលទៅក្នុងព្រឹតិ្តការណ៍ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ប្រចាំឆ្នាំសិក្សា២០១៥-២០១៦នេះ មានកីឡាប៉េតង់ និងវាយកូនឃ្លីលើតុ បន្ថែមពីលើកីឡា៤ប្រភេទ ដែលមានស្រាប់ រួមមាន កីឡាបាល់ទាត់ បាល់បោះ បាល់ទះ និងអត្តពលកម្ម។ លោកបន្ថែមទៀតថា ការសម្រេចបន្ថែមកីឡា២ថ្មី ចូលទៅក្នុងកម្មវិធីប្រកួតនៅឆ្នាំនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់វិស័យកីឡា ដែលជាគោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ធ្វើយ៉ាងណាជំរុញប្រភេទកីឡា ដែលមានសកក្តានុពលខ្ពស់នៅក្នុងការដណ្តើមបានមេដាយ បញ្ជ្រៀបទៅតាមគ្រឹះស្ថានសិក្សា ដើម្បីគុណភាព និងប្រសិទ្ធភាព ឆ្ពោះទៅគោលដៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះ ការបញ្ចូល២ប្រភេទកីឡានេះ ទៅក្នុងកម្មវិធីប្រកួតរបស់សិស្សនិស្សិត នឹងធ្វើឲ្យមានអ្នកលេងច្រើន មានគុណភាព សមត្ថភាព កីឡាករកីឡាការិនីក៏មានច្រើន ងាយស្រួលជ្រើសរើសកីឡាករដែលមានទេព្យកោសលស្យមកធ្វើការបណ្តុះបណ្តាល។
តំណាងក្រុមហ៊ុនទូរស័ព្ទចល័តសែលកាត ដែលជាអ្នកឧបត្ថម្ភធំក្នុងការប្រកួតនេះ បានឲ្យដឹងថា ការប្រកួតកីឡាសិស្សនិស្សិតឧត្តមសិក្សា និងធម្យមសិក្សាបច្ចេកទេសនេះ មិនត្រឹមតែនាំមកនូវការប្រកួតប្រជែង ដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្ហាញនូវភាពលេចធ្លោសម្រាប់អត្តពលិកវ័យក្មេងកម្ពុជា ឲ្យឈានតាមគន្លងវីរភាពកីឡាអូឡាំពិកដំបូងបំផុតនៅកម្ពុជា គឺកីឡាករ ស៊ន សៀវម៉ី ផងដែរ។ តំណាងរូបនេះ បន្តថា នេះជាឱកាសដ៏ធំមួយសម្រាប់អត្តពលិកទាំងអស់ ឈានឆ្ពោះទៅពង្រឹងវិស័យកីឡានៅកម្ពុជា ឲ្យរឹងមាំ ក៏ដូចជាបើកទូលាយនូវឱកាសសម្រាប់កម្ពុជា។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ប្រចាំឆ្នាំសិក្សា២០១៥-២០១៦ មានគ្រឹះស្ថានសិក្សាចូលរួមប្រកួតចំនួន២៣ មានកីឡាករកីឡាការិនីសរុប៩៨៧នាក់ ក្នុងនោះនារី១៩៥នាក់ ដែលមានគណៈកម្មការជំនាញសរុប២៣១នាក់។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីតាំងចំនួន៤ រួមមាន ពហុកីឡដ្ឋានជាតិអូឡាំពិក វិទ្យាស្ថានជាតិអប់រំកាយ ទីលានពហុកីឡដ្ឋាបូស្ដុន និងវិទ្យាល័យច្បារអំពៅ៕
មតិយោបល់