ភ្នំពេញៈ គូសង្សារមួយគូជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ហើយព្យាយាមជិះគេចពីសមត្ថកិច្ចដែលកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍តាមដងផ្លូវ ទាំងក្នុងទិសដៅបញ្ច្រាសទិសដៅចរាចរណ៍ រួចក៏ប៉ះនិងម៉ូតូមួយគ្រឿងបណ្តាលឲ្យដួល ហើយនៅតែបន្តជិះរត់គេចទៅក្រោយទៀតក៏ទៅបុកនិងរថយន្តកុងតឺន័របណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចខាងមុខវិទ្យាល័យជាស៊ីមសាម្គី តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងបឹងសាឡាង ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញគូរស្នេហ៍ប្រុសស្រីមួយគូ បើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1K-4040 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតទៅលិច ដោយនារីជាសង្សារអង្គុយពីក្រោយមិនបានពាក់មួកសុវត្ថិភាពនោះទេ។ លុះមកដល់ចំណុចកើតហេតុដោយឃើញសមត្ថកិច្ចកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងរឹតបន្តឹងច្បាប់ចរាចរណ៍នៅខាងមុខចម្ងាយប្រហែល៣០ម៉ែត្រ ស្រាប់តែពេលនោះម៉ូតូបង្កខាងលើក៏បានកាច់ចង្កូតបត់ត្រឡប់ក្រោយក៏ទៅទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀតម៉ាក ZOOMER-X ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ1HA-6550 ដែលបើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅស្រប់គ្នា បណ្តាលឲ្យម៉ូតZOOMER-X ដួលអូសជាង១០ម៉ែត្រ រងការខូចខាតបន្តិចបន្តួច ដោយឡែកអ្នកបើកបររងរបួសរលាត់ដៃរលាត់ជើង។
ប្រភពដដែលបន្តថាភ្លាមៗនោះម៉ូតូបង្កខាងលើបានព្យាយាមបើកគេចទៅក្រោយទៀតទាំងបញ្ច្រាសទិសដៅចរាចរណ៍ និងក្នុងល្បឿនយ៉ាងលឿន។ រួចក៏ជ្រុលទៅបុកកន្ទុយរថយន្តកុងទីន័រមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-9354 ដែលបើកបរដោយបុរសម្នាក់ ចេញមកពីខាងក្រោយវិទ្យាល័យជាស៊ីម តាមបណ្តោយផ្លូវ២៧១ស្ទួន ហើយបានបត់ឆ្វេងទៅផ្លូវ២៧១ បំណង់ឡើងស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯបុរសជាអ្នកបើកបរម៉ូតូរងរបួសបែកក្បាលធ្ងន់ធ្ងរ និងនារីជាសង្សារអង្គុយពីក្រោយរងរបួសស្រាលត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈ ភ្លាមៗនោះអ្នកបើកបររថយន្តកុងទីន័របានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅនិងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុដោយភាគីខាងម៉ូតូZOOMER-Xមិនចង់មានរឿងវែងឆ្ងាយក៏បានទូរស័ព្ទហៅសាច់ញាតិឲ្យមកយកខ្លួននិងម៉ូតូចេញទៅបាត់ទៅ។ ដោយឡែករថយន្តកុងតឺន័រនិងម៉ូតូបង្កត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគររាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
https://youtu.be/OA5IsRKaZ0k
មតិយោបល់