ភ្នំពេញៈ សប្តាហ៍ដំបូងបង្អស់ស្តីពីអាហារដ្ឋានអាមេរិក នៅកម្ពុជា នឹងត្រូវប្រារព្ធឡើងពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ដែលជាទិវាបុណ្យឯករាជ្យជាតិ នៅក្នុងសហរដ្ឋអាមេរិក។ ដើម្បីអបអរថ្ងៃបុណ្យនេះ ស្ថានទូតអាមេរិក បានធ្វើជាដៃគូជាមួយអាហារដ្ឋានចំនួន២០ ដែលត្រូវបានជ្រើសរើសមកដើម្បីនាំមកនូវម្ហូបអាហារផ្សេងៗរបស់អាមេរិកដល់សាធារណជនកម្ពុជា។ នេះជាសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិក ប្រចាំរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។
សេចក្ដីប្រកាសព័ត៌មាន បានបន្តឲ្យដឹងថា នៅក្នុងអំឡុងពេលនៃសប្តាហ៍អាហារដ្ឋាននេះ អាហារដ្ឋានដែលចូលរួមនៅក្នុងរាជធានីភ្នំពេញ នឹងផ្តល់ការបញ្ចុះតម្លៃពិសេសៗជាច្រើន។ ភ្ញៀវដែលមកបរិភោគក្នុងអាហារដ្ឋានទាំងនេះ អាចទិញម្ហូបអាហារផ្សេងៗ ដែលគេបានយកមកពីទូទាំងសហរដ្ឋអាមេរិក ដែលមានដូចជា Hamburger តាមប្រពៃណី ការ៉េមកី ស៊ុប Gumbo ម្ហូបរបស់អ្នកស្រុកនៅរដ្ឋ Hawaii ម្ហូបពិសេសរបស់អាមេរិក តាមបែបជនជាតិម៉ិកសិក និងបន្ទះសាច់អាំង ឬចៀន ប្រកបដោយឱជារសរបស់អាមេរិក។
អាហារដ្ឋានដែលចូលរួមមានដូចជា Aloha Ono, Black Bambu, Botanico Wine and Beer Garden, Brooklyn Pizza and Bistro, Burger King, Cold Stone Creamery, Dairy Queen, Digby’s, Domino’s Pizza, the Exchange, Fatboy Sub ‘n’ Salad, KFC, Krispy Kreme, Lone Pine Café, Mike’s Burger House, New York Steakhouse, Ocean Prime Steakhouse, the Original Steakhouse, Swensen’s, និងអាហារដ្ឋាន Taqueria Corona។ ព័ត៌មានលម្អិតស្តីពីការលក់បញ្ចុះតម្លៃរបស់អាហារដ្ឋានមួយៗទាំងនេះ មាននៅអាហារដ្ឋាន និងនៅក្នុងគេហទំព័រ ឬលើទំព័រហ្វេសបុករបស់គេផ្ទាល់។
គួរបញ្ជាក់ថា អ្នកវិនិយោគ និងក្រុមហ៊ុនអាមេរិក ក្នុងចំនួនកាន់តែច្រើនឡើង បានមកប្រកបមុខជំនួញនៅកម្ពុជា ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ដោយឡែក ឧស្សាហកម្មផ្នែកបដិសណ្ឋារកិច្ច និងម្ហូបអាហារ មានកំណើនកាន់តែច្រើនឡើង ដោយសារមានកំណើននៃតម្រូវការរបស់មនុស្សក្នុងស្រុក ក៏ដូចជាអ្នកទេសចរ។ ក្រុមហ៊ុនអាមេរិក ចង់មកបម្រើប្រជាជនកម្ពុជា ដែលមានចំណូលចិត្តកាន់តែច្រើនឡើងលើសេវា និងម្ហូបអាហាររបស់អាមេរិក៕
មតិយោបល់