ព័ត៌មានជាតិ

ហាយឡែនឌ័របុកគោយន្តដឹកឈើពេញទំហឹង របួសធ្ងន់-ស្រាល៧នាក់

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហាយឡែនឌ័រ បានបុកជាមួយគោយន្តកន្ត្រៃដឹកឈើពេញទំហឹងកាលពីវេលាម៉ោង១៨និង២០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចផ្លូវកោង ក្នុងភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្ដាលឲ្យមនុស្សស្រីចំនួន០៧នាក់ បានរងរបួសធ្ងន់-ស្រាល។

នគរបាលចរាចរណ៍ស្រុកឲ្យដឹងថា រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AJ : 6958 បើកបរដោយជនជាតិចិនឈ្មោះ HUANG SHUISHAN ក្នុងនោះមានអ្នករួមដំណើរ០៣ នាក់ ស្រី០១ម្នាក់។

ប្រភពដដែលបន្តថា រថយន្តបង្កបើកបរក្នុងល្បឿនលឿន លុះដល់ចំផ្លូវកោង យកចង្កូតមិនទាន់ ក៏បានជ្រុលទៅបុកគោយន្តកន្ត្រៃដឹកឈើបង្គោលក្រាក់ពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាត ផ្នែកខាងមុខទាំងស្រុង ចំណែកគោយន្តកន្ត្រៃធ្លាក់ពីលើផ្លូវ ហើយអ្នកបើកគោយន្តកន្ត្រៃ និងអ្នករួមដំណើរ០២នាក់ ទៀតរងរបួសធ្ងន់និងស្រាល។

កោយពេលកើតហេតុជនជាតិចិនទាំង០៤នាក់ ត្រូវបានដឹកយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តសៀមរាប រីឯអ្នករងរបួស០៣នាក់ទៀត(គោយន្តកន្ត្រៃ)ត្រូវបានដឹកយកទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកបន្ទាយស្រី។

បច្ចុប្បន្នរថយន្តនិងគោយន្តកន្ត្រៃ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីរង់ចាំភាគីទាំង២ចូលខ្លួនធ្វើការដោះស្រាយ៕

មតិយោបល់