កំពង់ស្ពឺៈ ក្រុមកម្មករកម្មការនីរោងចក្រ “យី ហ័ង្គ អ៊ីនធឺណាស់សូណល” ចំនួនជាង១០០នាក់ ក្នុងចំណោមជិត៤០០នាក់ ស្ថិតនៅក្នុងភូមិតាអ៊ូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺមានព្រំប្រទល់ជាប់ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននាំគ្នាតវ៉ាទាមទារឲ្យប្រធានរដ្ឋបាល និងថៅកែរោងចក្រផលិតស្បែកជើងមួយនេះគោរពសិទ្ឋិកម្មករទៅតាមច្បាប់ការងារ។
លោក ថា តូរី សហជីពតំណាងឲ្យកម្មករបានឲ្យដឹងថា ការនាំគ្នាចេញមកតវ៉ារយៈពេល២ថ្ងៃ ជាបន្តបន្ទាប់មកនេះ គឺដោយសាររដ្ឋបាលរោងចក្របានធ្វើការរឹតត្បិតកម្មករ មិនគោរពទៅតាមច្បាប់ការងារដែលបានកំណត់។
លោកបញ្ជាក់ថា ប្រធានរដ្ឋបាលរោងចក្រ តែងគាបសង្កត់កម្មករ ដើម្បីជម្រិតយកប្រាក់ដាក់ចូលហោប៉ៅរបស់ខ្លួន ក្នុងនោះមានដូចជា នៅពេលកម្មករផ្នែកបុរសចូលធ្វើតេស្តសុំចូលធ្វើការគេតម្រូវឲ្យបង់ប្រាក់ចាប់ពី១០០ដុល្លារ រហូតដល់១៥០ដុល្លារ ទើបអាចធ្វើតេស្តជាប់ចូលធ្វើការបាន។ ក្រៅពីនេះប្រធានរដ្ឋបាលរោងចក្រ បានផ្តាច់ប្រាក់ខែឲ្យកម្មករ ដោយគិតលុយប្រចាំថ្ងៃក្នុងមួយថ្ងៃ៦ដុល្លារ មិនគិតប្រាក់ឧបត្ថម្ភសម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិនោះទេ ហើយបើសិនកម្មករមិនមកធ្វើការថ្ងៃបុណ្យ ឬ ថ្ងៃអាទិត្យ គឺត្រូវបានប្រធានរដ្ឋបាលរោងចក្របញ្ឈប់ការងារ ដោយគ្មានលក្ខខណ្ឌ និងគ្មានសំណងផ្សេងៗអ្វីទាំងអស់។
កម្មការិនីឈ្មោះ ទឹម សុខុន បម្រើការងារផ្នែកពិនិត្យគុណភាព(QC) បានឲ្យដឹងថា កម្មករក្នុងរោងចក្រត្រូវគេតម្រូវឲ្យចេះគ្រប់ផ្នែកទាំងអស់ ហើយធ្វើការមិនគិតពីតួនាទី ឬជំនាញច្បាស់លាស់នោះទេ ពោលបើគេប្រើឲ្យធ្វើអ្វីមួយ គឺត្រូវតែធ្វើឲ្យគេ បើធ្វើមិនកើត នឹងត្រូវបញ្ឈប់ពីការងារតែម្តង។ ចំណែកខាងរោងចក្រមិនបានគិតគូរពីសុខភាពអនាម័យដល់កម្មករនោះទេ មិនមានបង្គន់អនាម័យប្រើប្រាស់ មិនមានទឹកប្រើប្រាស់ ចំណែកពេលមានជំងឺឈឺថ្កាត់ម្តងៗ គឺមិនមានថ្នាំសង្គូវបើកឲ្យកម្មករនោះទេ ថែមទាំងកម្មការិនីមួយចំនួនពេលពរពោះ ធ្វើការមិនកើតគេបញ្ឈប់តែម្តង មិនគិតពីប្រាក់អតីតភាពមិនគិតពីប្រាក់ឧបត្ថម្ភ ដោយបើកប្រាក់ខែចុង ក្រោយឲ្យហើយបញ្ឈប់តែម្តង ហើយចំណែកលុយថែមម៉ោងក៏ឲ្យមិនគ្រប់នោះដែរ តាមច្បាប់ការងារក្នុងការថែមម៉ោង១ម៉ោងរោងចក្រត្រូវផ្តល់លុយបាយដល់កម្មករ២០០០រៀល ប៉ុន្តែរោងចក្រនេះផ្តល់ឲ្យតែ១០០០រៀលប៉ុណ្ណោះ។
កម្មការិនីខាងលើបន្តថា ដោយសារមិនគោរពសិទ្ឋិកម្មករដូច្នេះ ទើបពួកគាត់នាំគ្នាតវ៉ា ស្របពេលជាមួយគ្នានោះ រោងចក្រមិនបានគោរពតាមសមត្ថកិច្ចនោះទេ ថែមទាំងបានជួលក្រុមស្ទាវ២០នាក់ មកផឹកស៊ីមុខរោងចក្រគំរាមកម្មករមិនឲ្យធ្វើការតវ៉ាទៀតផង។
ពាន់ព័ន្ធនិងករណីខាងលើនេះ យើងមិនអាចសុំការបំភ្លឺពីតំណាងរោងចក្រនៅឡើយទេ ប៉ុន្តែបើតាមការឲ្យដឹងពីកម្មករបញ្ជាក់ថា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ មន្ទីរការងារខេត្តបានចុះមកជួបប្រជុំជាមួយតំណាងរោងចក្រ ដើម្បីរកដំណោះស្រាយជូនកម្មករហើយ៕
មតិយោបល់