ព័ត៌មានជាតិ

រថយន្តព្រុស បុកផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងបើករថយន្តម៉ាកព្រុសមួយគ្រឿង ចូលផ្លូវលំក្នុងល្បឿនលឿនពេក ក៏ជ្រុលចង្កូតទៅបុករបងផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតផើងផ្កា ជញ្ជំងផ្ទះ និងទ្វារផ្ទះយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្លូវលំទល់មុខព្រឹទ្ឋសភា តាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងសង្ស័យស្រវឹងបើករថយន្តម៉ាកព្រុស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AU-0496 បើកចូលផ្លូវលំទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនពេកជ្រុលចង្កូតទៅបុករបងផ្ទះគេបណ្តាលឲ្យរងការខូចខាតថូផ្កាអស់ជាច្រើនដើម ជញ្ជំងផ្ទះ និង ទ្វារផ្ទះរងការខូចខាតយ៉ាងដំណំ។ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខខាងឆ្វេងធ្លាក់កាងផ្ទុះពោងសុវត្ថិភាពតែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុភាគីរថយន្តក៏ព្រមធ្វើកិច្ចសន្យាជួលជុលឲ្យដូចដើមវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុមិនរំខានដល់សមត្ថកិច្ច ៕

មតិយោបល់