កំពង់ធំៈ អាគារសិក្សាមួយខ្នងមាន៣បន្ទប់ ដែលទើបនិងសាងសង់រួចថ្មីស្រឡាង ជាចំណង់ដៃដល់ប្អូនៗសិស្សានុសិស្ស និងប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិងន ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦។
លោក ភោក កុល មេឃុំងនបានមានប្រសាសន៍ថា សាលាបឋមសិក្សាងននេះ ជាសាលារៀនដែលបានសាងសង់មកយូរយាណាស់មកហើយ ហើយអាគារសិក្សាមួយផ្នែកធំ ត្រូវបានខូចខាតធ្លុះធ្លាយ បង្កផលពិបាកដល់ប្អូនៗ និងលោកគ្រូ អ្នកគ្រូ ក្នុងការសិក្សារៀនសូត្រ ទើបមានការយកចិត្តទុកដាក់របស់មូលនិធិស៊ីធីអិន បានកៀរគររកសម្បុរសជន ជប៉ុនបានផ្តល់អាការសិក្សា២ខ្នង៦បន្ទប់ តែត្រូវបានសាងសង់២ដំណាក់កាល ទី១ គឺសាងសង់អាគារសិក្សាមួយខ្នង៣បន្ទប់ដែលត្រូវបានសាងសង់រួចរាល់ ហើយបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្នុងថ្ងៃនេះផងដែរ ចំណែកអាគារ១ខ្នង៣បន្ទប់ទៀត និងត្រូវបានសាងសង់បន្តទៀត។
លោកស្រី តូម៉ូមិ អ៊ូឈីដា នាយកផ្នែកប្រឹក្សានៃវិទ្យាស្ថានធនធានមនុស្សជប៉ុន និងជាម្ចាស់ជំនួយឧបត្ថម្ភ អាគារសិក្សា បានមានប្រសាសន៍ថា ប្រទេសជប៉ុនជាប្រទេសមានភាពរីកចម្រើន ក្នុងវិស័យសេដ្ឋកិច្ច ប្រជាជនជប៉ុនមានបំណងផ្តល់កាដូរ ដល់ប្រទេសកម្ពុជាតាមរយៈវិស័យអប់រំដល់សិស្សានុសិស្សរបស់កុមារនៃប្រទេសកម្ពុជា ជាក់ស្តែងអាគារសិក្សានេះ គឺបានមកដោយសារមិត្តភក្តិ និងប្រជាជនជប៉ុន ហើយនិងសាងសង់អាគារសិក្សា៣បន្ទប់បន្ថែមទៀត។
លោក នូវសែ ប្រធានការយាល័យអប់រំយុវជន និងកីឡាស្រុកសណ្តាន់ និងលោក សាន វុទ្ធី អនុប្រធានមន្ទីរអប់រំយុទ្ធជន និងកីឡា ខេត្តកំពង់ធំ បានបញ្ជាក់ថា អាគារសិក្សានៅក្នុងស្រុកសណ្តាន់មាន៦២កន្លែង អាគារសិក្សាសរុប១០២ខ្នង ស្មើនឹង៤១៩បន្ទប់ សិស្សសរុប១០,៩១៧នាក់ ស្រី៥៥០៤នាក់ ក្នុងនោះមានមត្តេយ្យសិក្សាមាន២៦កន្លែងបឋមសិក្សាមាន៥៣កន្លែង អនុវិទ្យាល័យមាន៨កន្លែង វិទ្យាល័យ១កន្លែង បញ្ហាប្រឈមដែលត្រូវបានយកចិត្តទុកដាក់ដោះស្រាយ កង្វះគ្រូបង្រៀននៅតាមសាលាបឋមសិក្សា និងមត្តេយ្យជារៀងរាល់ឆ្នាំ១២០នាក់រាល់ឆ្នាំសិក្សា កង្វះអាគារសិក្សាបន្ទប់រៀនចំនួន១០កន្លែង កង្វះបង្គន់អនាម័យ សម្រាប់សាលាបឋមសិក្សា។
លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែឧបត្ថម្ភគាំទ្រក្នុងវិស័យមនុស្សធម៌ ដល់ប្រទេសកម្ពុជា ខណៈពេលដែលប្រទេសកម្ពុជាជាប្រទេសស្ថិតនៅក្នុងកំពុងតែអភិវឌ្ឍន៍ ហើយទើបតែងើបផុតពីរបបខ្មៅងងឹត បនប្រល័យពូជសាសន៍ប៉ុលពត ដែលប្រជាជនខ្មែរទាំងអស់រស់យ៉ាងវេទនាប្រៀបបាននិងគុកឥតជញ្ជាំង លុបបំបាត់ចោលនូវវិស័យអប់រំ សម្លាប់អ្នកមានចំណេះដឹង ប្រជាជនរស់នៅគ្មានសិទ្ធិសេរីភាព និងសូមផ្តាំផ្ញើរដល់ប្អូនៗទាំងអស់ចងចាំនូវរបបព្រៃផ្សៃនេះ ហើយរួមគ្នាទប់ស្កាត់ការពារមិនឲ្យវិលមកវិញ ការទប់ស្កាត់នេះ គឺទាល់តែប្អូនទាំងអស់ រួមទាំងមាតាបិតា ជំរុញឲ្យកូនចៅបានចូលសិក្សារៀនសូត្រ ឲ្យមានចំណេះដឹង មានសមត្ថភាព មានគុណភាព ឲ្យក្លាយជាកូនល្អ សិស្សល្អ មនុស្សល្អ និងថ្នាក់ដឹកនាំល្អ ព្រោះតំណែងមន្រ្តីរាជការកំពុងតែរង់ចាំប្អូនៗ លោកគ្រូ អ្នកគ្រូ ជាឪពុកម្តាយទី២របស់សិស្ស បានផ្តល់ចំណេះដឹងដល់សិស្ស ដូច្នេះអ្នកមានគុណឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូ និងសិស្សត្រូវបានការទំនាក់ទំនងគ្នាដោយមិនអាចកាត់ផ្តាច់បាន៕
មតិយោបល់