ព័ត៌មានជាតិ

បរិយាកាស​នយោបាយ​នៅក្នុង ប្រទេស​ថៃ​បែរ​ជា​តានតឹង​ជាង​មុន ក្រោយ​តុលាការ​កោះហៅ ហៅ​អតីត​នាយករដ្ឋមន្ដ្រី​យី​ង​ឡាក់​

​បរិយាកាស​នយោបាយ​នៅក្នុង ប្រទេស​ថៃ​បែរ​ជា​តានតឹង​ជាង​មុន ពិសេស​នៅ​មុនពេល​ដែល​តុលាការ​កោះ ហៅ​អតីត​នាយករដ្ឋមន្ដ្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បន្ដ​សាកសួរ​ជុំវិញ​ការ ចោទប្រកាន់​ប្រព្រឹត្ដ​អំពើ​ពុករលួយ ខ្វះ ការ​ទំនួល​ខុស​ត្រូវ ការកោះហៅ​សាកសួរ​ត្រូវធ្វើឡើង នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៥​ជា​ពេល វេលា​ចាប់ផ្ដើម​សាកសួរ​ដែល​អូសបន្លាយ រយៈពេល​៣០​ថ្ងៃ​ពាក់ព័ន្ធ​ទៅ​នឹង​កម្មវិធី ជំនួយ​តម្លៃ​ទិញស្រូវ​អង្ករ​របស់​រដ្ឋា​ភិ បាល​ដឹកនាំ​ដោយ​លោកស្រី​យី​ង​ឡាក់ ។ ប្រសិន​បើ​លោក​ស្រី​ទទួលរង​ការ​ចោទ ប្រកាន់ទោស​នោះ លោកស្រី​មិន​អាច ចូលរួម​ប្រឡូក​ក្នុង​ឆាកនយោបាយ​យ៉ាង តិច​៥​ឆ្នាំ ។​
Ying Luck
​លោក Sirote Klampaiboon អ្នក ឯកទេស​វិទ្យាសាស្ដ្រ​នយោបាយ​របស់ ក្រុម​អាវ​ក្រហម​ថៃ​បានបញ្ជាក់​ថា “​ទាំង នោះ​ជា​លេស​ដើម្បី​ហាមប្រាម​លោក ស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​ចូលប្រឡូក ក្នុង​ឆាកនយោបាយ​ដោយសារ​តែ​ឥទ្ធិ ពល​របស់​លោកស្រី ក៏​ដូច​គណបក្ស​ភឿ ថៃ​អាច​ជួយ​ឱ្យ​លោកស្រី​ទទួលបាន​ជ័យ ជម្នះ​ក្នុង​ការបោះឆ្នោត​នាពេល​អនាគត​”​។​
​ចំណែក​អ្នកនាំពាក្យ​គណៈកម្មាធិការ កែទម្រង់​ប្រជាធិបតេយ្យ​ប្រជាជន PDRC លោក Akanat Promphan បានបញ្ជាក់​ថា រាល់​ការចោទប្រកាន់​ទៅ លើ​លោក​ស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា មិន​មាន​គោលនយោបាយ​នោះឡើយ ។ លោក​បញ្ជាក់ទៀតថា រាល់​សកម្មភាព ណាមួយ​ដែល​មិន​ពឹងផ្អែក​ទៅ​លើ​ផ្លូវ ច្បាប់​អាច​នឹង​នាំមក​នូវ​លទ្ធផល​អាក្រក់ ជាក់ស្ដែង​ដូច​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ខែ ឧសភា ឆ្នាំ​២០១៤ បណ្ដាលឱ្យ​មនុស្ស ២២​នាក់​ស្លាប់​ដោយសារតែ​មិន​គោរព ទៅតាម​ច្បាប់​ជាធំ ។​
​ចំណែក​លោក Cherdchai Tanti-sirin អតីត​តំណាងរាស្ដ្រ​គណបក្ស​ភឿ​ថៃ បាន​ព្រមាន​ថា ប្រសិនបើ​សេចក្ដីសម្រេច របស់​គណៈកម្មាធិការ​បង្កើត​ច្បាប់​ជាតិ NLA មិន​មាន​ភាព​យុត្ដិធម៌​ទេនោះ អាច ជា​ចំណុច​ចាប់ផ្ដើម​ឱ្យ​មាន​មហា​បា​តុ កម្ម​ថ្មី ។ លោក​បន្ដ​ទៀត​ថា “​នេះ​មិន មែន​ជា​ការគំរាមកំហែង​នោះឡើយ ប៉ុន្ដែ​ថ្នាក់ដឹកនាំ​មិន​ត្រូវ​មិន​ស្រាល​ដល់ ប្រជាជន​នោះ​ទេ​។ កម្លាំង​ទាហាន​ត្រូវតែ គោរព​ការសន្យា​របស់​ខ្លួន​ថា ស្វែងរក យុត្ដិធម៌​ដល់​មនុស្ស​គ្រប់រូប ទាំង​អ្នក នយោបាយ ។ ប្រសិនបើ​គ្មាន​យុត្ដិធម៌ ប្រទេស​ជាតិ​មិន​មាន​សុខសន្ដិភាព នោះឡើយ​” ។​

​ប្រសិន​បើ​លោក​ស្រី​យី​ង​ឡាក់ ស៊ីណា វ៉ា​ត្រា អាច​បញ្ជាក់​ថា ខ្លួន​គ្មាន​ទោស កំហុស ក្រុម​ប្រឆាំង​លោក​ថាក់ស៊ីន និង ក្រុម​PDRC ប្រាកដ​ជា​ខកចិត្ដ​យ៉ាងខ្លាំង ជាមិនខាន ដោយ​កន្លងមក​បាន​ខិតខំ​ធ្វើ មហា​បាតុកម្ម​ជា​ច្រើន​ខែ​ក្នុង​ការទាមទារ លោកស្រី​យី​ង​ឡាក់​ចុះចេញ​ពី​តំណែង ។ មេធាវី​របស់​លោកស្រី​យី​ង​ឡាក់ បាន បញ្ជាក់ថា នៅក្នុង​ការបើក​សវនាកា​រ សួរចម្លើយ​នា​ថ្ងៃទី​៩ ខែ​មករា គួរតែ មាន​ការចូលរួម​ពី​មហាជន ប៉ុន្ដែ​រដ្ឋា​ភិ បាល​បណ្ដោះអាសន្ន​ថៃ​បាន​អំពាវនាវ ដល់​ពលរដ្ឋ​អ្នកគាំទ្រ​លោកស្រី​យី​ង​ឡាក់ មិន​ត្រូវ​ចូល​មក​កាន់​ទីក្រុង​បាងកក​នោះ ឡើយ ទុកឱ្យ​តុលាការ​ជា​អ្នកសម្រេច ។ រដ្ឋាភិបាលយោធា​ថៃ​ប្រកាសថា អាច នឹង​បន្ដ​អនុវត្ដ​ច្បាប់អាជ្ញាសឹក ប្រសិន បើ​មាន​បាតុកម្ម​កើតឡើង​ក្រោយ​លទ្ធ ផល​ចោទប្រកាន់​ទៅលើ​លោក​ស្រី យី​ង​ឡាក់ ។​

​ការចោទប្រកាន់​ទោស​ទៅ​លើ​លោក ស្រី​យី​ង​ឡាក់ បាន​ចាប់ផ្ដើម​នៅ​ពេល ដែល​កម្លាំង​យោធា​ថៃ​ឡើង​កាន់​អំណាច នៅ​ខែ​ឧសភា ឆ្នាំ​២០១៤ ។ ចាប់ពី​ពេល នោះមក គណៈកម្មាធិការ​ប្រឆាំង​អំពើ ពុករលួយ NACC បាន​ចោទប្រកាន់ លោកស្រី​ខ្វះ​ការទទួលខុសត្រូវ​ក្នុងការ តាមដាន​កម្មវិធី​ជំនួយ​តម្លៃ​ទិញស្រូវ អង្ករ​ធ្វើឱ្យមាន​អំពើពុករលួយ​កើតឡើង ពាសពេញ​។ ជាមួយគ្នា​នោះ ការសម្រេច ទិញ​ស្រូវ​អង្ករ​ពី​ប្រជាពលរដ្ឋ​ដែលមាន តម្លៃ​ខ្ពស់ជាង​ទីផ្សារ​ដល់​ទៅ​៥០​ភាគរយ ធ្វើ​ឱ្យ​អង្ករ​រហូតដល់​១៩,២​លាន​តោន ស្ដុក​សល់​នៅក្នុង​ឃ្លាំង ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់ ជា​ទឹកប្រាក់​ប្រមាណ​១៥,៧​ពាន់​លាន ដុល្លារ​អាមេរិក ។​

​តាម​លទ្ធផល​ស្ទាបស្ទង់​មតិ​ជា​សម្ងាត់ មួយ​ទៅ​លើ​ប្រជាពលរដ្ឋ​ថៃ​បានបង្ហាញ ឱ្យឃើញថា មិន​ត្រឹមតែ​អ្នកនយោបាយ ប្រជាពលរដ្ឋ កម្មករ ក៏​បាន​បង្ហាញ​ពី​ការ គាំទ្រ​ដល់​គោលនយោបាយ​របស់​លោក ស្រី​យី​ង​ឡាក់ ។ អ្នកបើកបរ​តាក់ស៊ី​ម្នាក់ បាន​រៀបរាប់​ឱ្យដឹងថា “​ខ្ញុំ​មិនមែន​ជា អ្នកគាំទ្រ​អាវ​ក្រហម ឬ​អាវ​លឿង​នោះ ឡើយ និយាយ​រួម ខ្ញុំ​មើល​ឃើញ​កម្មវិធី ជំនួយ​តម្លៃ​ទិញស្រូវ​អង្ករ​របស់​លោកស្រី យី​ង​ឡាក់ ពិតជា​បាន​ជួយ​ដល់​ពលរដ្ឋ ក្រីក្រ​យ៉ាងច្រើន​មហាសាល ។ ការ​ធ្វេស ប្រហែស ការប្រព្រឹត្ដ​អំពើ​ពុករលួ​យ តែងតែ​កើតមាន​នៅ​ថ្នាក់ក្រោម ដោយ មាន​ចំនួន​តិចតួច ចំណែក​លោក​ស្រី យី​ង​ឡាក់ គ្រាន់តែ​ជា​អ្នក​បង្ហាញផ្លូវ​ដល់ មន្ដ្រី​របស់​ខ្លួន​អនុវត្ដ ប៉ុន្ដែ​លោកស្រី​មិន មែន​មាន​ក្បាល​៣ ដៃ​៦​ដែល​អាច​គ្រប់ គ្រង​បុគ្គល​នី​មួយៗ​គ្រប់ពេលវេលា គ្រប់​សកម្មភាព​នោះ​ឡើយ​” ។​

​នៅពេល​នេះ​គេ​មិនទាន់​ដឹង​ថា ជោគ វាសនា​របស់​លោកស្រី​យី​ង​ឡាក់ ប្រែ ក្លាយទៅជា​យ៉ាងណា​នោះឡើយ មានតែ គេ​រង់ចាំ​មើល​លទ្ធផល​ដេញដោល​សួរ ចម្លើយ​របស់​តុលាការ​តែប៉ុណ្ណោះ ។ ក្រុម​ប្រឆាំង​បាន​ចោទប្រកាន់​ទៅលើ កម្មវិធី​ជំនួយ​តម្លៃ​របស់​លោក​ស្រី​ថា បាន​បំផ្លាញ​តម្លៃ​នៅលើ​ទីផ្សារ ធ្វើឱ្យ​ទី ផ្សារ​ចលាចល ចំណែក​ពលរដ្ឋ​មិន​បាន យកចិត្ដទុកដាក់​ផលិត​ស្រូវអ​ង្ករ​ដែល មាន​គុណភាព គឺ​ធ្វើ​យ៉ាងណា​ឱ្យ​តែ​បាន ផលិត​បាន​ចំនួន​ច្រើន គឺ​ទទួលាបាន ចំណូល​ខ្ពស់ ។​

​ក្រុម​អ្នកវិភាគ​នយោបាយ​យល់​ឃើញ ថា សម្រាប់​មេដឹកនាំ​ប្រទេស​នីមួយៗ ពិសេស​គឺ​មេដឹកនាំ​ដែល​កើតឡើង​ពី ការបោះឆ្នោត​របស់​ប្រជាពលរដ្ឋ គឺ​ធ្វើ អ្វី​គ្រប់​យ៉ាង​ដើម្បី​តែ​ប្រជាពលរដ្ឋ​ប្រទេស ជាតិ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ នៅពេល ដែល​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ទាំង​នៅ ជនបទ នៅ​ទីក្រុង​ជា​កសិករ ឬ​កម្មករ មាន​ប្រាក់​ចំណូល​ខ្ពស់ មាន​ជីវភាព គ្រួសារ​ធូរធា ទាំងនោះ​ជា​ជោគជ័យ​ខ្ពស់ បំផុត​សម្រាប់​មេដឹកនាំ ។ សកម្មភាព ខាង​លើ​របស់​លោកស្រី​យី​ង​ឡាក់ ជា​រឿង មួយ​ដ៏​ត្រឹមត្រូវ​ក្នុង​ការជួយ​ដល់​ប្រជា ពលរដ្ឋ​ឱ្យមាន​ជីវភាព​ធូរធា​ជាង​មុន ។ បើ​ទោះបី​រដ្ឋ​ខាតបង់ ឱ្យ​តែ​ប្រជាពលរដ្ឋ រស់នៅ​ដោយ​សុខសាន្ដ ក៏​ជា​រឿង​ប្រសើរ បំផុត ៕​

មតិយោបល់