រតនគិរីៈ បុរសម្នាក់ជាមុខសញ្ញាលួចគោកាប់ពន្លះយកសាច់លក់ បានរត់គេចខ្លួនអស់ជាច្រើនឆ្នាំ ត្រឡប់មកស្រុកវិញ ត្រូវបានសមត្ថកិច្ចនគបាលស្រុកវ៉ើនសៃចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តរតនគិរី ដូចពាក្យចាស់ពោលថា “កុកភ្លេចជង់ តែជង់មិនភ្លេចកុក”។
ករណីនេះនគបាលស្រុកវ៉ើនសៃបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះរៀន ពិត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩និង១០នាទីព្រឹក នៅចំណុចភូមិឡាមើយ ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពលួចគោប្រជាពលរដ្ឋនៅក្នុងភូមិឃុំខាងលើ ចំនួន១ក្បាលអារពន្លះយកសាច់លក់តាំងពីឆ្នាំ២០១៣ កន្លងទៅ ហើយបានរត់គេចខ្លួនបាត់។
មន្ត្រីនគបាលដដែលបានបន្តថា ការចាប់ខ្លួនជនសង្ស័យខាងលើយោងតាមដីកាលេខ០២ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ចេញដោយលោក សួស ឡា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី។
ក្នុងនោះសមត្ថកិច្ចមិនបានបញ្ជាក់ថា បក្ខពួកក្រុមចោរមានគ្នាប៉ុន្មាននាក់នោះទេ គ្រាន់តែឲ្យដឹងថា ជនសង្ស័យខាងលើធ្លាប់មករកស៊ី និងស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ រួចបានរត់គេចខ្លួនអស់រយៈពេលជាង៣ឆ្នាំ ទើបត្រឡប់មកវិញបានចំនួន៧-៨ថ្ងៃ ត្រូវបានសមត្ថកិច្ចនគបាលស្រុកវ៉ើនសៃសហការជាមួយតំណាងអយ្យការសាលាដំបូងខេត្តរតនគិរីចុះទៅឃាត់ខ្លួន ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់