ភ្នំពេញៈ ផ្ទះប្រជាពលរដ្ឋដែលសង់ឡើងអំពីឈើលើថ្មក្រោមប្រក់ស័ង្កសីចំនួន៩ខ្នង ត្រូវអគ្គិភ័យលេបត្របាក់ទាំងកណ្ដាលអធ្រាត្រឆេះហ្មត់អស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្ដពន្លត់អគ្គិភ័យជួយអន្តរាគមន៍។
ហេតុការណ៍កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ច្រកផ្លូវលំក្រោយរោងចក្រអគ្គិសនីទី២) ។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះមានទំហំចាប់ពី ៥មx៦ម និង៥មx៨ម ធ្វើអំពីឈើលើថ្មក្រោម ប្រក់ស័ង្កសីឆេះអស់ទាំងស្រុង តែមិនបណ្ដាលអោយមានអ្នករងរបួសនោះទេ ចំពោះមូលហេតុសមត្ថកិច្ចមិនទាន់អាចបញ្ជាក់នៅឡើយទេ។ ចំណែកការអន្តរាគមន៍ក្នុងករណីនេះដែររថយន្ដពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុចំនួន២២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១៩ឡានទើបគ្រប់ស្ថានការបានទាំងស្រុង។
ប្រជាពរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានលឺសំលេងផ្ទុះយ៉ាងខ្លាំងលុះពេលចេញមកមើលស្រាប់តែឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ រួចក៏នាំគ្នាជួយបាញ់ទឹកពន្លត់តែដោយភ្លើងឆេះខ្លាំងពេកទើបរាយការណ៍ប្រាប់សមត្ថកិច្ចអោយរថយន្ដពន្លត់អគ្គីភ័យជួយចេញអន្តរាគមន៍ប្រើរយៈពេលជិតមួយម៉ោងជាងទើបអគ្គិភ័យរលត់១០០%ទៅវិញ ៕
មតិយោបល់