ភ្នំពេញៈ នៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ បានលង់ទឹកស្លាប់ ត្រង់ចំណុចស្រះរណ្តៅដីឡូមួយកន្លែង ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ បូក ធីដេត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ (ជាងកាមេរ៉ា) រស់នៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ករណីនេះ កើតហេតុតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅទីតាំងកើតហេតុខាងលើ ដោយក្រុមគ្រួសារ និងមិត្តភក្តិ រួមទាំងសមត្ថកិច្ចប្រឹងប្រែង ស្វែងរកជនរងគ្រោះ ដែលលិចបាត់ទៅក្នុងទឹក តែរកមិនឃើញ ដោយយប់ងងឹតផងទាំងក្រុមគ្រួសារមិត្តភក្តិ រួមទាំងសមត្ថកិច្ចរងចាំព្រឹកស្អែកថ្ងៃទី២ កក្កដា ២០១៨ ទើបសពជនរងគ្រោះអណ្តែតឡើង។
តាមការឲ្យដឹងពីម្ដាយជនរងគ្រោះ បានឲ្យដឹងថា កូនគាត់ដែលលង់ទឹកស្លាប់នេះ មានគូដណ្ដឹង និងត្រូវរៀបការនៅឆ្នាំក្រោយ មិនគួរជួបអកុសលបែបនេះសោះ។
មុខពេលកើតហេតុគាត់ និងជនរងគ្រោះ រួមនិងមិត្តភក្តិចំនួន១០នាក់ បាននាំគ្នាមកអង្គុយលេង និងផឹកស៊ីនៅចំណុចកើតហេតុខាងលើ តាំងពីម៉ោង១០ និង៣០នាទីព្រឹក ដោយអង្គុយហូបចុករហូតដល់ម៉ោង៥ ល្ងាច រួចជនរងគ្រោះបានបបួលគាត់ ចុះងូតទឹកលេងដោយជនរគ្រោះ បានលោតចុះមុន រួចគាត់ក៏លោតតាមក្រោយ ហើយគាត់បានហែលមកច្រាំងវិញ ចំណែងជនរងគ្រោះ បានហែលទៅកណ្តាលរណ្តៅ ក៏លិចបាត់ពេលឃើញដូច្នេះ គាត់ក៏លោតទៅម្តងទៀត ដើម្បីជួយគាត់ តែរកមិនឃើញ ទើបរាយការណ៍ជូនសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍។
ក្រោយរកឃើញសព សមត្ថកិច្ចជំនាញ បានចុះមកធ្វើការត្រួតពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែន ទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់