ព័ត៌មានជាតិ

លក់គ្រឿងញៀន នៅខេត្តកំពង់ស្ពឺ បានសុខស្រួល មកជាប់ខ្លោះរបស់ សមត្ថកិច្ចស្រុកពញាឮ ខេត្តកណ្តាល

ភ្នំពេញៈ ជនសង្ស័យ ២នាក់ត្រូវបាន សមត្ថកិច្ចស្រុកពញាឮ ខេត្តកណ្តាល ឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ច ជនសង្ស័យ ទី១ឈ្មោះ ឌួង តេងហួរ ហៅ ហួរ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករជាងដែក មានទីលំនៅភូមិទួលសុរភី ឃុំព្រះស្រែ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ និងទី២ឈ្មោះ រ៉ា រិត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករជាងដែក មានទីលំនៅភូមិ វិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ទាំង២នាក់ខាងលើ កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ខណៈក្រុមជនសង្ស័យកំពុង ដឹកគ្រឿងញៀនចែកចាយ ឲ្យម៉ូយ។

នៅពេលឃាត់ខ្លួន សមត្ថកិច្ច បានដកហូតបាន៖
-សារធាតុញៀនប្រភេទ មេតំហ្វេតាមីន ចំនួន ០៦ កញ្ចប់តូច មានទម្ងន់ ១,១៩ក្រាម
-ទូរសព្ទ័ដៃ ចំនួន ០២គ្រឿង ( ម៉ាក oppo ០១គ្រឿង និង iPhone4 ០១គ្រឿង)
-ម៉ូតូ ០១គ្រឿង ម៉ាក Suzuki smash ពណ៌ខ្មៅ ស្លាកលេខ ក្រ.ព្រះសីហនុ 1A-5008។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ពួកគេបានទិញគ្រឿងញៀន ទាំងអស់នេះពីឈ្មោះ វ័ន្ត ភេទប្រុស រស់នៅភូមិខ្យាព្រៃមិច ឃុំផ្គរ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ តាមរយៈទូរស័ព្ទលេខ 015417281។

ក្រុមជនសង្ស័យ ឆ្លើយថា ទៅទិញម្តងៗក្នុងតម្លៃ ២០ម៉ឺនរៀល យកទៅលក់រាយតាមភូមិ ក្នុង ០១កញ្ចប់តូច តម្លៃ ២ម៉ឺនរៀល។

បច្ចុប្បន្នក្រុមជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់