ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី សហការជាមួយនិង កម្លាំងនគរបាលការិយាល័យ ស៊ើបអង្កេត និង អនុវត្តន៍និតិវិធីរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យការស្នាក់នៅ និង បំពេញការងាររបស់ជនបរទេសនៅ តាមបណ្តារហាងកាហ្វេមួយចំនួននៅក្នុងខណ្ឌច្បារអំពៅ ដោយធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៨នាក់។
ប្រតិបត្តិការនេះដែរ បានធ្វើឡើងនៅវេលាម៉ោង៣និង៤៥នាទីល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តាហាងកាហ្វេមួយចំនួន ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៣៦៩ ភូមិដើមចាន់ ក្នុងសង្កាត់ច្បារអំពីទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ដោយមានការដឹកនាំដោយផ្ទាល់អំពីសំណាក់ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តន៍និតិវិធី សហការជាមួយកម្លាំងនគរបាលការិយាល័យរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យការស្នាក់នៅនិងបំពេញការងាររបស់ជនបរទេសនៅតាមបណ្តារហាងកាហ្វេមួយចំនួននៅតាមបណ្តោយផ្លូវលេខ ៣៦៩នេះ។
ក្នុងប្រតិបត្តិការនេះដែរ កម្លាំងមានសមត្ថកិច្ចបានរកឃើញបុរសជនជាតិវៀត ណាមចំនួន ៨នាក់ ដែលកំពុងតែលួចចូលមកស្នាក់នៅនិងបំពេញការងារដោយមិនមានឯកសារគ្រប់គ្រាន់នោះ។
ក្រោយពីប្រតិបត្តិការនេះដែរ ក្រុមបុរសជនជាតិវៀតណាមទាំង ៨នាក់ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានស៊ើបអង្កេត និង អនុវត្តន៍និតិវិធី នៃក្រសួងមហាផ្ទៃដើម្បីចាត់ការទៅតាមនិតិវិធីជាបន្តទៅទៀត៕
មតិយោបល់