ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួន បុរសម្នាក់ដែលបើករថយន្តដឹកទំនិញរបស់ ក្រុមហ៊ុន L.M.H បុកមនុស្សស្លាប់៣នាក់ នៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ យោងតាមការបញ្ជាក់ពីសមត្ថកិច្ច ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានឲ្យដឹងថា បុរសជាតៃកុងរថយន្តដឹកទំនិញរបស់ ក្រុមហ៊ុន L.M.H ដែលបើកបុកមនុស្សស្លាប់ ៣នាក់ នៅខណ្ឌឬស្សីកែវនោះ ត្រូវបានលោក សេង រិទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញសម្រេច ចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នហើយកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ។

បើតាមប្រភពជនត្រូវចោទមានឈ្មោះ ខូវ ខែម ហៅ ម៉ាប់ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើករថយន្តដឹកទំនិញ ត្រូវបានឃុំខ្លួនក្រោមការចោទប្រកាន់ ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលមិនដែលបទប្បញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោកបានតម្រូវបណ្ដាលឲ្យស្លាប់អ្នកដទៃ ប្រព្រឹត្តនៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ យោងតាមមាត្រា ៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

ចំណែកជនរងគ្រោះ បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ៖
-ទី១ឈ្មោះ ម៉ាត់ សារី ភេទប្រុស អាយុ ៥៣ឆ្នាំ
-ទី២ឈ្មោះ ម៉ាត់ សាណា ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ
-និងទី៣ឈ្មោះ ម៉ាត់ សារិកា ភេស្រី អាយុ ៥ឆ្នាំ។

គួររំលឹកថា ជនត្រូវចោទខាងលើ ត្រូវបាន សមត្ថកិច្ច ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឃាត់ខ្លួន កាលព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីរូបគេ បើករថយន្តដឹកទំនិញ ដឹកទំនិញធន់ធំ ម៉ាក MITSUBISHI ពណ៌ខ្មៅ លាយលឿង ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2260 បុកម៉ូតូ SUZUKI NEX ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-0752 បណ្តាលឲ្យជនរងគ្រោះទាំង ៣នាក់ខាងលើ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណុចមុខប៉ុស្តិ៍ច្រាំងចំរេះ១ លើផ្លូវជាតិ លេខ៥ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ៕

មតិយោបល់