ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតកាំភ្លើងច្នៃ៣ដើម និងគ្រឿងញៀន១០កញ្ចប់!..

ព្រះវិហារ: កម្លាំងកងរាជអាវុធហត្ថស្រុក និងស្នាក់ការសន្តិសុខ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជុន បូរ៉ា មេញ្ជាការរងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកម្លាំងការិយាល័យទី២ កងពលតូចលេខ៨ បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរនូវសារធាតុ ញៀនដោយខុសច្បាប់ នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនសង្ស័យឈ្មោះ ទន់ ឈាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។ ក្នុងនោះដកហូតវត្ថុតាង ម្សៅក្រាម ពណ៌សថ្លា (ម៉ាទឹកកក)ចំនួន១០កញ្ចប់តូច ស្មើនឹង ១,១៩ក្រាម, កាំភ្លើងច្នៃចំនួន ២ដើម, កាំភ្លើងckcកាត់១ដើម, គ្រាប់AK47 ចំនួន៣២គ្រាប់,សាក់កាដូ(កាបូប) ដាក់កាំភ្លើង១, លុយរៀលចំនួន៥ម៉ឺនរៀល, ម៉ូតូចំនួន១គ្រឿង និងសម្ភារ:សម្រាប់សេពនិងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងបន្តតាមនីតិវិធី៕

មតិយោបល់