ព័ត៌មានជាតិ

សពបុរសដែលបីកូនលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារកាលពី២ថ្ងៃមុន ឥឡូវនេះបានអណ្តែតហើយ

ភ្នំពេញ: ប្រទះឃើញសពអណ្តែតទឹកជាបុរសម្នាក់ដែល បីកូនលោតទឹកសម្លាប់ខ្លួននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨
នៅវេលាម៉ោង៦ព្រឹកម្សិលមិញ ឥឡូវបានស្រង់មកលើគោកហើយនៅវេលាម៉ោង៦យប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានជ្រោយចង្វាត្រើយខាងកើតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពមានឈ្មោះ លី ទៀង ភេទប្រុស ជនជាតិខ្មែរ អាយុ៣០ឆ្នាំ មុខរបរលក់ទឹកអំពៅ នៅផ្ទះជួលម្តុំផ្សារ សំហាន សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មានស្រុកកំណើត នៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ មានកូនឈ្មោះ ហង្ស លីហ្សា ភេទស្រី អាយុ ៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅជាមួយឪពុក។ ចំណែកស្រ្តីជាម្តាយដែល មានប្តីថ្មីនោះមានមុខរបរជាកម្មការីនីរោងចក្រ រស់នៅម្តុំផ្សារសិនជូរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសម្តីម្តាយរបស់ជនរងគ្រោះបានប្រាប់ឲ្យសារព័ត៌មាន Post News ឲ្យដឹងថានៅយប់ថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០១៨ រូបគាត់បាននិយាយទៅកូនថា បើកលក់ទឹកអំពៅ មិនដាច់កូនឈប់លក់ទៅនៅផ្ទះដាំបាយឲ្យកូនហូបនិងនាំកូនទៅរៀនទៅបានហើយ។ ក្នុងមួយយប់ទល់ភ្លឺកូនរបស់គាត់ បានបើកភ្លើងចោលរហូតរូបគាត់មិនចាប់អារម្មណ៍នោះទេ។ ទើបដល់ម៉ោង៥និង៣០នាទីព្រឹក រូបគាត់បានងើបពីដេកហើយក៏ហៅកូនឲ្យបិតទ្វារទៅផ្សារ កូនរបស់គាត់បានឆ្លើយថាចាំបន្តិចទៅនោះមួយភ្លែតសិន ហើយក៏ដឹកដៃកូនចេញទៅបាត់។

តាមសម្តីក្មេងស្រីបាននិយាយថា បុរសជាឪពុកបាននិយាយកុហក ថានាំមកហាត់ប្រាណតែបែរជានាំមកលោតទឹកពីលើស្ពានទៅវិញ។ មកដល់លើស្ពានជ្រោយចង្វារក៏បីកូនលោតចុះទៅក្នុងទឹក ពេលនោះក៏មានទូកនេសាទជនជាតិឥស្លាមបានមកស្រង់ក្មេងស្រីឲ្យរួចផុតជីវិត តែឪពុកបានលិចបាត់ឈឹង។ មកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៦យប់ទើបប្រទះឃើញសាកសព បុរសដែលបីកូនលោតទឹកនោះអណ្តែតឡើង។

បច្ចុប្បន្នសាកសព ត្រូវបានម្តាយមកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

មតិយោបល់