ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តទៅបុកទ្រូងផ្លូវខ្ទេចយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ស្រវឹងធ្លាក់ជោកជាំ បើកបររថយន្តហាយឡែនឌ័រមួយគ្រឿងបោះពួយយ៉ាងដូចហោះហើយក៏រេចង្កូតទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចអស់មួយផ្ទាំងរថយន្តទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យព្រះកុសុម: ហៅពេទ្យលោកសង្ឃ តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងជោកជាំបើកបររថយន្តមួយគ្រឿងម៉ាក តូយូតាហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AC-5749 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើងនិងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើក៏បានរេចង្កូតទៅខាងឆ្វេងទៅបុកនិងរបាំងក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចអស់មួយផ្ទាំង។ ចំណែកឯរថយន្តរងការខូចខាតធ្លាក់កាងខាងមុខនិងដាច់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច ភ្លាមៗនេះអ្នកបើកបររថយន្តបង្កបានឡើងជិះម៉ូតូឌុបគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុរថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្ទូចយកទៅរក្សានៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់