ភ្នំពេញៈ ប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ ជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលជាប់ពាក់ព័ន្ធ រឿង ហិង្សា ត្រូវបានលោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែង នៅកណ្តាលថ្ងៃត្រង់ទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រោមហេតុផលដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ប្រភពពីសមត្ថកិច្ចសង្កាត់បឹងកក់ទី២ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ែន សូនី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែង ស្នាក់ នៅផ្ទះលេខ២៣ ផ្លូវលេខ ២៨៩ ក្រុម៧០ ភូមិ ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះ ឈ្មោះ អឿន សេង ភេទ ប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកលក់ ទឹកកក ស្នាក់នៅផ្ទះលេខ ១០៧ ផ្លូវលេខ ៥៩០ ក្រុម៧ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បង្ហើបថា លោក ចែ សុង ជាតំណាងអយ្យការចោទ បានបើកការស៊ើបសួរ និងចោទប្រកាន់ លើឈ្មោះ ប៉ែន សូនី ពីចោទបទ ហិង្សាដោយចេតនា ប្រព្រឹត្ដនៅមុខផ្ទះលេខ២០ ផ្លូវលេខ ៦១៤ ក្រុម ៧០ ភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ យោងតាមមាត្រា ២១៧នៃក្រមព្រហ្មទណ្ឌ។
លោក ចែ សុង បានបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរ ចាត់ការបន្ត ដោយស្នើសុំមិនឃុំខ្លូន ទើបលោកចៅក្រម ឡុង វណ្ណា សម្រេចដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (មិនឃុំខ្លួនក្នុងគុក) តែម្តង។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បង្ហើបឲ្យដឹងថា សំណុំរឿងនេះ មាននគរបាលខណ្ឌទួលគោក ឈ្មោះ យ៉ង ជាអ្នកបើករថយន្តដឹកជនសង្ស័យ និងកាន់ឯកសារ របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ទៅតុលាការ ជាអ្នកខ្នះខ្នែងរត់ការ សុំឲ្យមានការសម្រួលលែងជនសង្ស័យខាងលើនេះ។
គួររំលឹកថា សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានឃាត់ខ្លួនជនបង្កឈ្មោះ ប៉ែន សូនី កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីរូបគេ វាយជនរងគ្រោះ បណ្តាលឲ្យរងបួស ព្រោះតែទំនាស់ពាក្យសម្តី ខឹងជនរងគ្រោះ ឈប់រថយន្តដឹកទឹកកក ដាក់ទឹកកកឲ្យម៉ូយ ទើសផ្លូវលោកមន្ត្រីអាវុធហត្ថដ៏មានអំណាច ជាជនបង្ក ដើរ៕
មតិយោបល់