ព័ត៌មានកីឡា

សង្ស័យត្រៀមសម្រាប់ Ronaldo ទេដឹង?

បន្ទាប់ពីពាក្យចរចាមអារាមជាច្រើនកំពុងតែទម្លាយពីវត្តមានរបស់កំពូលខ្សែប្រយុទ្ធ Criatiano Ronaldo កាន់តែច្បាស់ពីការផ្លាស់ទៅកាន់ក្រុមសេះបង្កង់ Juventus នោះ ងាកទៅក្នុងក្លិបអ៊ីតាលីឯណោះវិញ កីឡាករកូឡុំប៊ី Juan Cuadrado បានប្តូរអាវលេខចាស់របស់គេពាក់វិញហើយ។

ជាក់ស្តែងណាស់ បើតាមផេកផ្ទាល់របស់ក្រុមសេះបង្កង់ Juventus បានឲ្យដឹងថា ក្លិបបានសម្រេចឲ្យកីឡាករ Juan Cuadrado ប្តូរអាវពីលេខ ៧ ទៅពាក់លេខ​ដើមរបស់គេ ១៦វិញ។ ការធ្វើបែបនេះ Juan Curdrado ហាក់មិនមានការអន់​ចិត្តណាមួយកើតឡើងឡើយ ព្រោះថាកីឡាកររូបនេះ កំពុងតែរង់ចាំកីឡាករដែល​សាកសមក្នុងការពាក់អាវលេខ ៧នេះពិតប្រាកដនៅ Juventus ។ យ៉ាងណាវិញ ចំពោះ ការផ្លាស់ប្តូរលេខអាវរបស់ Cuadrado នេះដែរ ត្រូវបានប្រភពពត៌មានជា​ច្រើនមើលឃើញថា ក្រុមសេះបង្កង់ Juventus កំពុងតែត្រៀមទុកអាវលេខ ៧ឲ្យ​កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ខណ:ក្លិបអ៊ីតាលីមួយនេះ ព្យាយាម​ដុត​ដៃដុតជើង តាមប្រមាញ់កីឡាករកំពូលស៊ុតរូបនេះ ពីក្រុម Real Madrid ។ ម្យ៉ាង​វិញទៀតនោះ ខាង Real Madrid ឯណោះវិញ ក៍មិនទុក Ronaldo ទៀតឡើយ ដោយត្រៀមបញ្ចេញលក់កីឡាកររូបនេះ ក្នុងតម្លៃ ១០០លានអឺរ៉ូ ស្របពេលដែល Juventus គឺជាក្លិបតែមួយគត់​ ដែលរំពឹងថា ជាទ្រនុំថ្មី របស់ Ronaldo ខណ: Manchester United និង Paris Saint Germain អាចនឹងខកចិត្តចំពោះ​ការ​ព្យាយាមកន្លងមក។

ដូច្នេះហើយ ការប្តូរលេខអាវ របស់កីឡាករ Juan Cuadrado ពីលេខ ៧ទៅលេខ១៦វិញនោះ ប្រហែលជាក្លិបបាល់ទាត់សេះបង្កង់ Juventus ទុកអាវលេខ ៧នេះ សម្រាប់ស្វាគមន៍ការមកដល់របស់ Cristiano Ronaldo ក្នុងពេលឆាប់ៗនេះ។

មតិយោបល់