ព័ត៌មានជាតិ

ខ្ចីម៉ូតូគេជិះទៅបាត់រហូត ម្ចាស់តាមរកឃើញ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់ បានខ្ចីម៉ូតូជនរងគ្រោះ ជិះទៅបាត់រហូតរយ:ពេល១១ថ្ងៃ ត្រូវម្ចាស់រកឃើញ ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវ ជាតិលេខ៥ ក្រុម១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ។

ជនរងគ្រោះឈ្មោះ សុខ ស៊ីណាត ភេទ ស្រី អាយុ ២៥ឆ្នាំ មុខរបរ កម្មការីនី មានទីលំនៅ ផ្ទះលេខ១០5B ផ្លូវ លំ ក្រុម៧ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ចាន់ ម៉ៅ ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅភូមិអូរការ ឃុំចម្រើនផល ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។

ម៉ូតូដែលជនសង្ស័យខ្ចី ម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1F- 0223។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលឫស្សីកែវយើងនោះទេ ដោយជនរងគ្រោះ និងក្រុមគ្រួសារ បានទៅរកជនសង្ស័យនៅស្រុកកំណើត ខេត្តពោធិ៍សាត់ លុះដល់ថ្ងៃទី ៦ខែកក្កដាឆ្នាំ២០១៨ វេលាម៉ោង២រសៀលជនរងគ្រោះ បានឃើញជនសង្ស័យនៅស្រុកកំណើត ហើយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងម៉ូតូ ១គ្រឿង ម៉ាកឌ្រីមសេ១២៥ស៊េរី ឆ្នាំ២០១១ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1F 0223 ប្រគល់ជូនកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋានខេត្តពោធិ៍សាត់។

កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានសហការណ៍ ជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ បាននាំជនសង្ស័យ មកអធិការដ្ឋាននរគបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់