ព័ត៌មានជាតិ

បុរស២នាក់បានស្លាប់ភ្លាមៗ នៅនិងកន្លែង ក្រោយ ត្រូវរថយន្តយីឌុបវ៉ាជែង ទៅបុកយ៉ាងពេញទំហឹង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តយីឌុបបុកពេញទំហឹង បណ្ដាឲ្យបុរសពីរនាក់ ស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចជិតតំបន់សេដ្ឋកិច្ចពិសេស ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១មានឈ្មោះ ទី បុប្ផា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកសិករ មានស្រុកកំណើត ភូមិក្រសា ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (ស្លាប់នៅកន្លែងកើតហេតុ)​​និងទី២ឈ្មោះ ជីន បូចិត្ត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯគ្លីនិកឯកជន)។

ចំណែករថយន្តបង្កម៉ាក FUSO ក្បាលពណ៌ខៀវខ្ចី ពាក់ស្លាកលេខ ព្រះសីហនុ 3A-3694 បើកបរដោយបុរសម្នាក់ បានរត់គេចខ្លួនបាត់។ រីឯម៉ូតូម៉ាកឌ្រីមសង់ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-7410 ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានវ៉ាជែងជ្រុលមកបុកម៉ូតូ ជិះដោយបុរសពីរនាក់ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នាចំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់បោកក្បាលនឹងថ្នល់ ស្លាប់មួយរំពេច និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈដែលរថយន្តបង្កបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ បានប្រហែល២០០ម៉ែត្រ តៃកុងបានទុករថយន្តចោល រួមរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ មិនយូរប៉ុន្មាន ស្រាប់តែមានរថយន្តសង្គ្រោះមួយគ្រឿង ពណ៌ស​ របស់គ្លីនិកឯកជន បានដល់កន្លែងកើតហេតុ រួចលើកជនរងគ្រោះ ដាក់លើហ្វ្រង់កា សែងចូលរថយន្ត​ ដឹកយកទៅសង្គ្រាះ នៅឯគ្លីនិក សុធារិទ្ធ បែកចាន ដោយជនរងគ្រោះរបួសធ្ងន់ពេក ពេលដឹកដល់គ្លីនិក ទើបជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការវាស់វែង យករថយន្តបង្ក និងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ​ ដើម្បីរងចាំឱ្យម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសាកសព ត្រូវបានក្រុមគ្រួសារយក ទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់