ព័ត៌មានជាតិ

តុលាការ ឃុំខ្លួនថៅកែនិងកូនចៅ៦នាក់ ដែលព្រួតវាយភ្ញៀវនៅខារ៉ាអូខេតាមផ្លវ២០០៤ ខណ្ឌពោធិ៍សែនជ័យ!

ភ្នំពេញ: ក្រោយពីសាកសួរចប់ លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទចំនួន៦នាក់ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ពាក់ពន្ធ័ករណីវាយភ្ញៀវដេកពេទ្យ។

សមត្ថកិច្ច បានឲ្យដឹងថា លោកព្រះរាជអាជ្ញារង ងិន ពេជ្រ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់មនុស្សទាំង ៦នាក់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃក្រមនីតិវិធី។

បើយោងតាមសមត្ថកិច្ច ក្រុមជនត្រូវចោទ ទាំង៦នាក់ រួមមាន៖
-ទី១ ឈ្មោះ យឹម សំណាង ហៅ តូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ម្ចាស់ហាងខារ៉ាអូខេ។

-ទី២ ឈ្មោះ ជឿន ស្រីនិច ភេទស្រី អាយុ២៣ឆ្នាំ បុគ្គលិក ខារ៉ាអូខេ

-ទី៣ ឈ្មោះ រឿន រាម ភេទទី៣ អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិក ខារ៉ាអូខេ

-ទី៤ ឈ្មោះ វណ្ណ វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ បុគ្គលិក ខារ៉ាអូខេ

-ទី៥ ឈ្មោះ ធាន ភារុណ ភេទប្រុស អាយុ២២ឆ្នាំ បុគ្គលិក ខារ៉ាអូខេ

-និងទី៦ ឈ្មោះ អំ សុខជា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិក ខារ៉ាអូខេ។

ចំណែកក្រុមជនរងគ្រោះរួមមាន៖

-ទី១ ឈ្មោះ រ៉េត ធារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ម្តុំលូ៥ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិផ្សារលើ ឃុំ លលកស ស្រុកសំពៅមាស ខេត្តពោធិសាត់ រងរបួសស្រាល

-ទី២ ឈ្មោះ ឆាង សុខលាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិ ព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម តែទៅរស់នៅខាងស្រុកជាមួយប្រពន្ធ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់

-និងទី៣ ឈ្មោះ ឆាង សុវ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម តែរស់នៅជាមួយប្រពន្ធនៅស្រុក គងពិសី ខេត្តកំពង់ស្ពឺ។

សូមជម្រាបជូនថា ហេតុការណ៍វាយភ្ញៀវដេកពេទ្យនេះ បានកើតឡើងកាលពី យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ នៅក្នុងហាង រាត្រីសំណាងល្អ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ។

ដើមចមដែលឈានដល់ការវាយភ្ញៀវ ឲ្យរងរបួសធ្ងន់ស្រាល ផ្តើមចេញពី ការច្រៀងខារ៉ាអូខេ ដែលក្រុមជនរងគ្រោះ តវ៉ា រឿងម្ចាស់ហាង គិតលុយសើលច្រើនពេក ក្រោយមកក៏ផ្ទុះហិង្សាតែម្តង។

ក្រោយពីរងរបួសធ្ងន់ស្រាល ក្រុមជនរងគ្រោះបាន ទៅដាក់ពាក្យប្តឹង ឲ្យសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ ជួយដោះស្រាយ រហូតឈានដល់ឃាត់ខ្លួន ក្រុមជនត្រូវចោទទាំង៦នាក់ខាងលើ យកទៅសាកសួរ កាលពី២១ ខែមិថុនា ឆ្នាំ២០១៨ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

មតិយោបល់