ភ្នំពេញៈ បុរសម្នាក់តូចចិត្តនឹងប្រពន្ធរត់ចោល ទាំងក្តីអាល័យដែលធ្លាប់រួមរស់ជាមួយគ្នាបានកូនស្រីម្នាក់ផង ទីបំផុតសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយចងកសម្លាប់ខ្លួន។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងបន្ទប់ជួលលេខ ខ ១៣ ផ្លូវលំ ភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើ(សព)មាន ឈ្មោះ ញឹម ទៀវ ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ផលិតចានស្នោ ផ្នែកខាងម៉ាស៊ីន ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិ ពងទឹក ឃុំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតាកែវ។
ចំណែកប្រពន្ធចុះចោលទៅបាត់ គ្រាន់តែដឹងថា ឈ្មោះ ស្រី អាយុជាង២០ឆ្នាំ មានកូនស្រីម្នាក់អាយុជាង១ឆ្នាំ យកទៅជាមួយផង។
តាមស្រ្តីឈ្នោះ ញឹម ទូច អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវជាបងស្រីបង្កើត របស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ បានស្រឡាញ់ នារីម្នាក់ យកធ្វើជាប្រពន្ធ ទាំងមិនបានរៀបការ ជាង២ឆ្នាំមកហើយ មានកូនស្រីម្នាក់ ជាមួយគ្នា អាយុជាង១ឆ្នាំ តែដោយសារ ការរស់នៅមិនចុះសម្រុងគ្នា ប្រពន្ធយកកូនស្រី រត់ចុះចោលទៅបាត់ជាង១ខែមកហើយ មិនដឹងថា ទៅណា ផ្ទះ ស្រុកភូមិ នៅដល់ណាដែរ ។
ស្រ្តីជាបង បន្តទៀតថា ធ្លាប់ឮប្អូននិយាយប្រាប់ដែរ ពិបាកចិត្ត អាណិតកូន នាងជាប្រពន្ធ យករត់ទៅបាត់ ស្រាប់តែមកដល់វេលាខាងលើ បងប្អូនទូរស័ព្ទប្រាប់ ជនរងគ្រោះស្លាប់ដោយចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបនាំគ្នាមក ធាក់ទ្វារតែម្តង ដោយសារជនរងគ្រោះខ្ទាស់គន្លឹះពីខាងក្នុង ទើបប្រទះឃើញ ចងនឹងខ្សែ ភ្ជាប់ដែកដំបូលផ្ទះ តែម្តង ។
https://www.youtube.com/watch?v=Ap7EY0sU53U
តាមប្រភពពីពលរដ្ឋដែលនៅក្បែរនោះបានឲ្យដឹងថា ជនរងគ្រោះ បន្ទាប់ពីបាត់មិនឃើញទៅធ្វើការរោងចក្រ មិនដឹងថាទៅណា ឃើញទ្វារបិទជិតដោយមានសង្ស័យទើបនាំគ្នាមើលតាមប្រឡោះបង្អួច ស្រាប់តែប្រទះឃើញចងកសម្លាប់ខ្លួន ទើបទូរស័ព្ទប្រាប់បងស្រី របស់ជនរងគ្រោះឲ្យមកមើល ។ ក្រោយពីភ្ញាក់ផ្អើល សាច់ញាតិឃើញជនរងគ្រោះ តូចចិត្ត នឹងប្រពន្ធរត់ចោល សម្រេចចងកសម្លាប់ខ្លួន រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យមើលជាក់ស្តែង ហើយរង់ចាំជំនាញពិនិត្យ កោសល្យវិច័យជាមុនសិន ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់