ព័ត៌មានជាតិ

ប្រើល្បិចខ្ចីម៉ូតូ ប្រជាការពារសាលាសង្កាត់ស្ទឹងមានជ័យទី២ យកទៅបញ្ចាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅបញ្ចាំ) ។ ចំណែកជនរងគ្រោះឈ្មោះ យី វណ្ណី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ភូមដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ប្រជាការពារសាលាសង្កាត់ស្ទឹងមានជ័យទី២។

១-ជនសង្ស័យឈ្មោះ រួន ប៊ុនរឿត ហៅ ត្រេន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិ ទ្រា៣ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

២-ជនសង្ស័យឈ្មោះ អ៊ុន សុធា ហៅ ឆេង ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិ ទ្រា៣ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៦និងនាទី ជនសង្ស័យបានសុំខ្ចីម៉ូតូពីជនរងគ្រោះ ដោយប្រាប់ថាជិះទៅយកលុយពីបងប្អូន ពេលខ្ចីម៉ូតូបានហើយជនសង្ស័យទាំង០២នាក់ បានយកម៉ូតូជិះគេចខ្លួនបាត់។ ក្រោយកើតហេតុ ជនរងគ្រោះតាមរកជនសង្ស័យទាំង០២នាក់ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រ ទើបប្រទះឃើញជនសង្ស័យទាំង០២នាក់ នៅចំណុចផ្ទះសំណាក់កម្សាន្ត សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរ និង ដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមច្បាប់។

សម្ភារ:បាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IL2476។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់