ព័ត៌មានអន្តរជាតិ

Update៖ តួលេខអ្នកស្លាប់ដោយគ្រោះទឹកជំនន់ វាយប្រហារនៅជប៉ុនកើនឡើងដល់ ១០០នាក់ហើយ

ជប៉ុនៈ តាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅថ្ងៃច័ន្ទនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារនៅតំបន់មួយចំនួនរបស់ប្រទេសជប៉ុន បានកើនឡើងដល់ ១០០ នាក់ហើយ ខណៈដែលក្រុមជួយសង្គ្រោះ និងកងទ័ព នៅតែបន្តប្រតិបត្តិការ នៅក្នុងភក់ និងទឹក ដើម្បីសង្គ្រោះជីវិតជនរងគ្រោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។

អ្នកនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាលលោក Yoshihide Suga បាននិយាយថា មនុស្ស ៨៧ នាក់ ត្រូវបានគេអះអាងថា បានស្លាប់បាត់បង់ជីវិត ខណៈដែល ១៣ នាក់ទៀត នៅតែបន្តបាត់ខ្លួន ពុំមានសញ្ញាបង្ហាញពីក្ដីសង្ឃឹម នៃការរស់រានមានជីវិតទ្បើយ បន្ទាប់ពីមានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនថ្ងៃ ដែលបណ្តាលឲ្យមានគ្រោះទឹកជំនន់ និងការបាក់ដី។

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានបញ្ជាក់ថា នឹងស្វះស្វែងការជួយសង្គ្រោះ ជនរងគ្រោះដោយសារទឹកជំនន់ ឲ្យទាន់ពេលវេលា ខណ:ដែលមនុស្សមួយចំនួន បានផ្ញើសារទាំងអស់ក្ដីសង្ឃឹម ទៅលើការស្វែងរក និងជួយសង្គ្រោះរបស់ភ្នាក់ងារជួយសង្គ្រោះបន្ទាន់។

ក្នុងនោះលោក អាបេ ក៏បានធ្វើការលុបចោលដំណើរទស្សនកិច្ចរបស់លោកទៅក្រៅប្រទេសរចំនួន ៤ផងដែររួមមាន៖ បែលហ្ស៊ិក បារាំង អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដែលនឹងចាប់ផ្ដើមនៅថ្ងៃពុធសប្ដាហ៍នេះ។

សូមជំរាបថា ភូមិជាច្រើន នៅភាគកណ្តាល និងភាគខាងលិចនៃប្រទេសជប៉ុន ត្រូវបានគេជម្លៀសអ្នកស្រុក ទៅកាន់ទីតាំងសុវត្ថិភាព បន្ទាប់ដំបូលលំនៅដ្ឋានរបស់ពួកគេ ត្រូវបានទឹកជំនន់ពន្លិចចុះទៅក្រោម៕

មតិយោបល់