ភ្នំពេញៈ យុវជនពីរនាក់ជិះស៊ុយស័រគីឡែតមួយគ្រឿង ទើបតែចេញពីធ្វើការបម្រុងជិះត្រឡប់ទៅផ្ទះ ហើយក៏ត្រូវជនសង្ស័យមួយក្រុមជិះដេញតាមវាយប្លន់យកម៉ូតូបានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៩និង៥០នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈ តូតាល់ ក្បែរសួនកំសាន្តចំការព្រីញ តាមបណ្តោយផ្លូវ២០១១ ស្ថិតសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជនរងគ្រោះទី១ជាអ្នកបើកម៉ូតូមានឈ្មោះ កាន តុលា ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលម្តុំវត្តតាំងក្រសាំង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ទី២ជា អ្នកអង្គុយពីក្រោយមានឈ្មោះ ហិន រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករ រោងចក្រ ស្នាក់នៅជាមួយគ្នា។
បើតាមសម្តីពីជនរងគ្រោះបានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុរូបគេទាំង២នាក់ គឺទើបតែចេញមកពីកន្លែងធ្វើការនៅម្តុំរង្វង់មូលចោមចៅហើយបំណងត្រឡប់ទៅបន្ទប់ជួលវិញនៅម្តុំវត្តតាំងក្រសាំង ដោយបើកបរម៉ូតូមួយគ្រឿងម៉ាក ស៊ុយស័រគីឡែត ពណ៌សលាយខៀវ ពាក់ស្លាកលេខ តាកែវ 1P-4836 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីត្បូងទៅជើងនិងក្នុងល្បឿនលឿន។ លុះមកដល់ខាងមុខអាកាសយន្តដ្ឋានភ្នំពេញអន្តរជាតិពោធិ៍ចិនតុង ក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿងម៉ាក ហុងដាឌ្រីម មិនចាំស្លាកលេខ ជិះមកពីក្រោយហើយបានស្រែកដាក់ជនរងគ្រោះថា ពួកហែងជិះម៉ូតូឈ្លើយម្ល៉េះ ថែមទាំងដកខ្សែក្រវាត់វាយទៅលើជនរងគ្រោះទាំង២នាក់ថែមទៀតផង។ ភ្លាមៗនោះដោយជនរងគ្រោះភ័យស្លន់ស្លោខ្លាំងពេកក៏បានជិះម៉ូតូរត់គេចខ្លួនទៅខាងមុខទៀតទាំងហួសផ្លូវចូលបន្ទប់ជួលរបស់ពួកគេ។ ហើយក្រុមជនសង្ស័យក៏បន្តជិះដេញតាមវាយជនរងគ្រោះទាំង២នាក់ខាងលើ រហូតទៅដល់ចំណុចកើតហេតុដោយជនរងគ្រោះភ័យស្លន់ស្លោខ្លាំងពេកក៏ចាប់ហ្វ្រាំងម៉ូតូបណ្តាលឲ្យដួល រួចជនរងគ្រោះទាំង២នាក់ខាងលើបានងើបរត់ចោលម៉ូតូយករួចខ្លួនទៅឲ្យគេឯងដែលនៅក្បែរនោះជួយ។ ភ្លាមនោះដោយក្រុមជនសង្ស័យឃើញជនរងគ្រោះរត់ចោលម៉ូតូ ឆ្លៀតឱកាសល្អក៏រត់ទៅលើកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនទៅបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែកាន់កាត់គ្រីម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅខាងលើ ទៅដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដោយក្តីសោកស្តាយតែប៉ុណ្ណោះ។
គួរបញ្ជាក់ថានេះជាករណីវាយប្លន់យកម៉ូតូលើកទី២ ដែលកើតឡើងនៅថ្ងៃតែមួយនៅក្នុងទឹកដីខណ្ឌសែនសុខ ដោយករណីទី១គឺកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរំលងអធ្រាត្រ ថ្ងៃដដែលនៅក្នុងសង្កាត់ទឹកថ្លា ដែលជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូស៊ុយស័រគីឡែតមួយគ្រឿងពីយុវជនប្រុសស្រីបីនាក់ដែលទើបតែជិះចេញពីក្លឹប តែមិនបានសម្រេចនោះទេតែបង្កឲ្យរងគ្រោះម្នាក់រងរបួសបែកក្បាលនិងពីរអ្នករងរបួសស្រាល ហើយក្រុមចោរបានជិះរត់គេចខ្លួនដោយសុវត្ថិភាព៕
មតិយោបល់