ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចកងរាជរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចពិតជាបាន ឃាត់ខ្លួន ឧកញ៉ា សុខ ហេង និងបក្ខពួកចំនួន ៦នាក់ទៀត ពិតមែន។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដោយចាប់ខ្លួនបានជនសង្ស័យរួម៖
-ទី១ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ៥១ឆ្នាំ ទីលំនៅផ្ទះលេខ៧៨ WF ផ្លូវបេតុងច្រកទី៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
-ទី២ ឈ្មោះ នុត រស្មី ភេទប្រុស ជាជំនួយការផ្ទាល់ឧកញ៉ា សុខ ហេង ទីលំនៅភូមិកោះបៀ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។
-ទី៣ ឈ្មោះ យន់ ម៉ៅ ភេទប្រុស ទីលំនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមានកម្មករចំនួន ៤នាក់ទៀត។
យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដាក់ជូន នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ បានរៀបរាប់ថា ឧកញ៉ា សុខ ហេង កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ បានដាក់ពាក្យស្នើសុំធ្វើរបងដីមួយកន្លែង មានទំហំ ២១៤,៨០០ម៉ែត្រការ៉េទៅសាលាសង្កាត់ពន្សាំង និងសាលាខណ្ឌព្រែកព្នៅ។
ទីតាំងដីដែលត្រូវធ្វើរបងនោះនៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានព្រំប្រទល់៖
-ខាងជើងទល់នឹងដីពលរដ្ឋ
-ខាងត្បូងទល់នឹងដីរួមសង្កាត់ស្នោរ សង្កាត់ឱឡោក និងអូរ
-ខាងកើតទល់នឹងផ្លូបេតុង
-ខាងលិចទល់នឹងផ្លូវលំគ្រួសក្រហម
លុះដល់ថ្ងៃទី៧ ដល់ទី៩ ខែកក្កដា ឆ្នាំ២០១៧ ឧកញ៉ា សុខ ហេង និងបក្ខពួកចំនួន ៦នាក់ទៀតបាន យកបង្គោលស៊ីម៉ង់ត៍ បង្គោលឈើ លួស បន្លា ទៅដាំធ្វើរបងនៅលើដីជាកម្មសិទ្ធិរបស់ពលរដ្ឋឈ្មោះ លីវ សុហួង ឈ្មោះ លឹម សុជាតិ និងឈ្មោះ មាស រ៉ាវុធ ដែលជាដីនៅខុសពីទីតាំងដែលបានស្នើសុំធ្វើរបងទៅវិញ។
ក្រោយពេលដែលពលរដ្ឋឃើញឧកញ៉ា សុខ ហេង និងបក្ខពួក ធ្វើរបងរំលោភយួកដីបែបនោះក៏បានដាក់ពាក្យប្តឹងទៅ អាជ្ញាធរមូលដ្ឋាន រហូតមាន មន្ត្រីភូមិបាលខណ្ឌព្រែកព្នៅ ចុះទៅឃាត់ឧកញ៉ា សុខ ហេង និងបក្ខពួក កុំឲ្យធ្វើរបងរំលោភដីពលរដ្ឋ ប៉ុន្តែក្រុមជនសង្ស័យមិនព្រមឈប់ និងបានប្រើហឹង្សារំលោភធ្វើរបងយកដីពលរដ្ឋ ដោយមិនស្តាប់អាជ្ញាធរឡើយ ទើបមានការប្តឹងឲ្យចាប់ខ្លួនឧកញ៉ា សុខ ហេង និងបក្ខពួកតែម្តងទៅ។
គួររំលឹកថា ក្រៅពីបញ្ហាដីធ្លីនៅតំបន់ភូមិចុងថ្នល់នេះ ឧកញ៉ា សុខ ហេង ក៏កំពុងមានរឿងរ៉ាវទំនាស់ដីធ្លីនៅភូមិត្នោតខ្ពស់ ភូមិបឹងខ្នំ ភូមិកន្លែងគល់ ភូមិចុងថ្នល់ នៃសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ដែលមាន លោកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង មេភូមិ មេភូមិរង និងពលរដ្ឋ បានចោទប្រកាន់ឧកញ៉ា សុខ ហេង ថាបាន កោសលុប ឯកសារ និងកែព្រំប្រទល់ដីថ្មី រំលោភយកដីរួមភូមិរបស់ពលរដ្ឋ ចំនួន ១០៤ហិកតា ដោយនៅពេលនោះឧកញ៉ា សុខ ហេង បានឲ្យលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ យកលុយ ២ម៉ឺនដុល្លារ ទៅឲ្យ លោកស្រី ឌី សារៀម និងបញ្ជាឲ្យលោកស្រី ចុះហត្ថលេខា ទទួលស្គាល់ឯកសារកោសលុបនោះថែមទៀតផង តែលោកស្រី ឌី សារៀម មិនព្រមធ្វើតាមព្រោះខ្លាចខុសច្បាប់៕
https://youtu.be/RJlq1p_KQZc
មតិយោបល់