សៀមរាបៈ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ មានករណីផ្ទុះអាវុធបាញ់គំរាម លើជនរងគ្រោះឈ្មោះ ម៉ី ស៊ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ យោធា មានទីលំនៅភូមិ ដំណាក់ ឃុំកំពង់ប្រណាក ស្រុកព្រះវិហារ ខេត្ត ព្រៈវិហារ បង្កឡើងដោយជនសង្ស័យឈ្មោះ ឆោម ស៊ីថា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ ចាងហ្វាងកាសែតដំណឹងកម្ពុជា មានទីលំនៅ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្នាក់នៅសាខាស្នាក់ការកាសែត នៅភូមិ ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកឡានដឹកអីវ៉ាន់ពីខេត្តព្រះវិហារមកខេត្តសៀមរាប ដល់វេលាម៉ោង៣រសៀលបានដាក់អីវ៉ាន់រួចត្រង់ចំណុចផ្លូវ៦០ម៉ែត្រ រួចបន្តទៅហូបបាយ ពេលបាយរួចក៏ត្រឡប់មកខេត្តព្រះវិហារវិញ ដោយមានម៉ូយជិះជាមួយគ្នា២នាក់ ហើយបើកចេញពីខេត្តសៀមរាបឆ្ពោះទៅខេត្តព្រះវិហារ។ លុះបើកដល់ខាងជើងផ្សារស្វាយលើថ្មី ស្រុកស្វាយលើ ស្រាប់តែជនសង្ស័យខាងលើបានបើកឡានម៉ាកកាមរី ស៊េរីឆ្នាំ២០០៧ (ហាយព្រីត) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AM1240 តាមពីក្រោយជនរងគ្រោះពេលបើកដល់ចំណុចខាងកើតស្នាក់ការបរិស្ថានក្បាលប្រើសឡាន ជនសង្ស័យបានឡើងវ៉ាឡានជនរងគ្រោះឡើងទន្ទឹមគ្នា។
រួចជនសង្ស័យបានបើកកញ្ចក់ឡានយកកាំភ្លើងខ្លីមកភ្ជង់ជនរងគ្រោះ រួចស្រែកជេរជនរងគ្រោះថា«អាហែងឈ្លើយឆាប់ឈប់ឡានភ្លាម» ដោយជនរងគ្រោះមិនមានរឿងហើយភ័យ ក៏បន្ថែមល្បឿនយ៉ាងលឿន ជនសង្ស័យក៏បន្ថែមល្បឿនដូចគ្នា បន្ទាប់មកក៏បានយកកាំភ្លើងបាញ់គំរាមទៅលើជនរងគ្រោះចំនួន១គ្រាប់តែម្តង៕
មតិយោបល់