ខេត្តមណ្ឌលគិរី៖ ដើមជ័រច្បោះនឹងប្រភេទដើមឈើប្រណិត ត្រូវបានប្រជាសហគម៏រស់នៅឃុំស្រែព្រះ នឹងឃុំស្រែឈូក រាយការណ៏ថា ក្នុងមួយថ្ងៃៗមានឈ្មួញកាប់ប្រមូលផលអនុផលព្រៃឈើ ពីព្រៃដំណមជនជាតិ ព្រៃសហគមន៏ នឹងពីដីព្រៃអភិរក្សរាប់សិបគ្រឿង
យកទៅលក់ឲ្យថៅកែដ៏ធំម្នាក់ប្រចាំនៅ ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ឈ្មោះ ប៊ិញ ហ្វឿក១ របស់វៀតណាម មានទីតាំងនៅឃុំព្រះឈូក ស្រុកកែវសីមា។ ហើយសកម្មភាពដ៏មមាញឹកនេះ គឺគេដឹកជញ្ជូនឈើគ្រប់ប្រភេទ ដែលកាប់ប្រមូលមកពីព្រៃក្រៅដែនក្រុមហ៊ុន រាប់រយម៉ែត្រគូបយកមកពីគ្រប់ទិសទីក្នុងស្រុកកែវសីមាចូលក្រុមហ៊ុនធ្វើការអារជ្រៀក នឹងដឹកជញ្ជូន តាមរថយន្តយីឌុបធំៗរាល់ថ្ងៃ ដែលគេមិនបានឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធនានាយកចិត្តទុកដាក់ត្រួតពិនិត្យទប់ស្កាត់សោះឡើយ។
សេចក្តីរាយការណ៏បាននិយាយថា សកម្មភាពដែលគេសង្ស័យថាមិនស្របច្បាប់នេះធ្វើឡើងដោយយកច្បាប់ដីសម្បទានសេដ្ឋកិច្ចធ្វើជាសំអាងបិទបាំង ក្នុងការដឹកឈើមក ពីក្រៅដែនដីរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលហ៊ុំព័ទ្ធដោយដីព្រៃរិចរឹលតូចៗរកតែប្រភេទឈើប្រណីតមួយ ដើមគ្មាននោះ តែផ្ទុយទៅវិញឧកញ្ញ៉ាម្នាក់នោះ សម្បូរឈើប្រណីតនឹងឈើគ្រប់ប្រភេទនាំចេញមិនចេះអស់រាប់ឆ្នាំមកហើយ ទៅកាន់ប្រទេសវៀតណាម។ការដឹកជញ្ជូនឈើប្រណីតនោះទៀតសោតគឺគេធ្វើឡើងជ្រកក្រោមលិខិតអនុញ្ញាតអាជីវកម្មឈើក្រហម។ ក្រៅតែពីកាប់ និងប្រមូលឈើមិនស្របច្បាប់ ការនាំឈើចេញទៅវៀណាម ក៏បានក្លែងប្រភេទឈើក្នុងការគេចវេសបង់ពន្ធជូនរដ្ឋទៀតផង។
ឧកញ៉ា សឹង សំអុល ដែលត្រូវបានគេស្គាល់ថា ជាថៅកែទទួលទិញឈើនៅក្នុងក្រុមហ៊ុនដែលក្រុម ឈ្មួញតូចតាចដឹកចេញពីព្រៃការពារ ត្រូវបានគេរាយការណ៏ថាគាត់មានសកម្មភាពដឹកជញ្ជូនឈើប្រណីតតាមរថយន្តយីឌុបទាំងខ្សែៗ ទៅកាន់ប្រទេសវៀតណាមគ្មានលោះថ្ងៃឡើយ ចេញពីស្រុកកែវសីមាខេត្តមណ្ឌលគិរី កាត់តាមស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅកាន់ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ចេញតាមច្រករបៀងទន្លេចាម ក្នុងឃុំជាំក្រវៀន ច្រកដូង៧ដើម និងច្រករបៀងបឹងជ្រោង ជាដើម ដែលមានការសម្របសម្រួលពីមន្ត្រីមានអំណាចក្នុងខេត្ត និងមន្ត្រីតាមច្រកចាំទទួលយករបបក្បាលឡាន យ៉ាងស្ងៀមស្ងាត់។
ប្រជាសហគមន៍ក្នុងឃុំស្រែឈូកបាននិយាយថា ក្រុមហ៊ុន ប៊ិញ ហ្វឿក១ ជាក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់វៀតណាម ដែលកំពុងប្រគល់សិទ្ធឲ្យ ឧកញ៉ា សឹង សំអុល កាប់ប្រមូលផលអនុផលព្រៃឈើក្រៅដីរបស់ខ្លួនទូទាំងស្រុកកែវសីមា រាប់រយម៉ែត្រគូប ចូលក្នុងក្រុមហ៊ុន អារ ច្រៀកដឹកបន្តតាមរថយន្តធំៗ ចេញជាច្រើនឆ្នាំមកហើយ មិនថារដូវប្រាំង ឬវស្សានោះទេ ដោយគេយកច្បាប់វិរិយោគដីសម្បទានសេដ្ឋកិច្ចធ្វើជាលេស ដើរប្រមូលទិញឈើប្រណីតមកពីក្នុងឃុំស្រែឈូក ស្រែព្រះ ចុងផ្លាស់ មេម៉ង នឹងគ្រប់ទិស ទីក្នុងស្រុកកែវសីមា ដែលសុទ្ធសឹងតែទីតាំងខាងលើស្ថិតក្នុងតំបន់អភិរក្សជីវៈចំរុះសីមា នឹងដែនជំរកសត្វព្រៃភ្នំព្រិច ។
ប្រភពដដែលបានបន្តថា ភាគច្រើនអ្នករកស៊ីឈើនៅទីនោះក្រៅតែពី ឧកញ៉ា សឹង សំអុល ក៏មាន មន្ត្រី និងឈ្មួញមានសមត្ថកិច្ចមានខ្នងបង្អែកធំៗ កំពុងនាំគ្នាកាប់ឈើយកមកលក់ឲ្យឧកញ៉ា សឹង អុល។ហើយបច្ចុប្បន្នកន្លែងដែលកើតមានបទល្មើសខាងលើ បានក្លាយជាកន្លែងដ៏សុខសាន្តរបស់ក្រុមឈ្មួញរកស៊ីឈើទៅហើយ ទោះបីមានបងប្អូនប្រជាសហគមន៍ជនជាតិដើម អ្នកស្រឡាញ់ធម្មជាតិ ខិតខំឃាត់ចាប់ ឬប្តឹងអោយជំនាញតែវាហាក់បីដូនគ្មានប្រសិទ្ធិភាពឡើយ ព្រោះគេត្រូវរ៉ូវគ្នាជាលក្ខណៈប្រព័ន្ធទៅហើយ សូម្បីតែថ្នាក់លើៗមិនដែលយកចិត្តទុកដាក់ និងបញ្ជូនមន្ត្រីសម្ងាត់ឲ្យមកស៊ើបអង្កេតពីករណីនេះនោះទេ ហើយព្រៃឈើវានឹងវិនាសហិនហោចហើយ។
លោករឿង សុផាត នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា ធ្លាប់បានអោយដឹងថា ឈើដែលក្រុមហ៊ុនកំពុងដឹកជញ្ជូននោះគឺឈើចាស់ដែលគេវ៉ៃព្រៃកន្លងមកមិនទាន់ប្រមូលអស់ ។ ចំពោះការដែលពលរដ្ឋប្រជាសហគមន៍ថា មានសកម្មភាពដឹកជញ្ជូនឈើខុសច្បាស់ចូលពីក្រៅដែន សូមអោយពួកគាត់រាយការណ៍ជាបន្ទាន់ ក្នុងនាមលោកជាសមត្ថកិច្ចជំនាញលោកនឹងចាត់វិធានការ។
យ៉ាងណាក៏ដោយអគ្គនាយករង ក្រុមហ៊ុន ប៊ិញ ហ្វឿក១ លោក ហា តាំបាំង ក៏ធ្លាប់បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុន ប៊ិញ ហ្វឿក១ជាក្រុមហ៊ុនរដ្ឋរបស់ប្រទេសវៀតណាម ដែលបានទទួលសិទ្ធវិរិយោគលើផ្ទៃដី៥.១០០ហិកតា ពីរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០១២ បច្ចុប្បន្នក្រុមហ៊ុនធ្វើការឈូសឆាយបានប្រមាណ៨៥% ក្នុងនោះធ្វើការដាំដុះកៅស៊ូបាន៦០%ហើយ។ លោកបន្តទៀតថា ចំពោះការប្រមូល ផលអនុផលព្រៃឈើ គឺមានក្រុមហ៊ុនជាដៃគូរបស់ក្រុមហ៊ុន លោក ឧកញ៉ា សឹង សំអុល ជាអ្នកប្រមូល។ហើយរឿងដឹកឈើចូលក្រៅដែនឬមិនដឹកចូលខាងលើទាំងអស់នោះមិនពាក់ព័ន្ធនិងក្រុមហ៊ុនលោកទេ ក្រុមហ៊ុនលោកយកតែដីដាំកៅស៊ូប៉ុណ្ណោះ ហើយរឿងឈើនោះជារឿងលោក ឧកញ៉ា សឹង សំអុល ។ទាក់ទិនការចោតប្រកាន់ពីប្រជាសហគមន៏ខាងលើនេះកោះសន្តិភាព ពុំអាចសុំការបំភ្លឺពីលោកឧកញ្ញ៉ា សឹង សំអុល បានទេនៅល្ងាចថ្ងៃទី១ មេសា ព្រោះទូរស័ព្ទមិនអាចទំនាក់ទំនងបាន៕
មតិយោបល់