ភ្នំពេញៈ រថយន្តសណ្តោងធន់ធំរបស់ក្រុមហ៊ុនPH PLUS LOGISTICSមួយគ្រឿង បើកបុកបង្គោលខ្សែកាបអ៊ុបតិច ដែលនៅចំកណ្តាលផ្លូវបណ្តាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងស្ទើរទាំងស្រុង តែមិនមានអ្នករងរបួសនោះទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ត្រង់ចំណុចខាងជើងស្តុបណតប្រ៊ីតប្រមាណ២០០ម៉ែត្រ តាមបណ្តោយផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ហ្វូយហ្សូ ពណ៌ទឹកប្រាក់ ជាប្រភេទរថយន្តសណ្តោងធន់ធំរបស់ក្រុមហ៊ុនPH PLUS LOGISTICS ពាក់ស្លាកលេខ ភ្នំពេញ 3C-7071 ដោយធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីជើងទៅត្បូងនិងក្នុងល្បឿនលឿនមធ្យម។ លុះមកដល់ចំណុចកើតហេតុដោយផ្លូវមានស្ថានភាពងងឹត ហើយសង្ស័យអ្នកតៃកុងរថយន្តងងុយដេកហើយងោកមួយផាំង ក៏ជ្រុលទៅបុកបង្គោលខ្សែកាបអ៊ុបតិចដែលនៅចំកណ្កាលផ្លូវបណ្តាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ ចំណែកឯបង្គោលខ្សែកាបអ៊ុបតិចពុំមានរងការខូចខាតនោះទេ ដោយឡែកអ្នកបើកបររថយន្តបង្កបានលោតចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តដែលរងការខូចខាតនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុរថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្ទូចយកទៅរក្សានៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ។
គួរបញ្ជាក់ថា នេះមិនមែនជាករណីទីមួយនោះទេដែលមានយានយន្តបើកមកបុកបង្គោលខ្សែកាបអ៊ុបតិចដែលនៅចំកណ្តាលផ្លូវខាងលើនេះ ហើយវាពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់អ្នកធ្វើដំណើរតាមដងផ្លូវខាងលើនោះ ហើយកន្លងមកខាងក្រសួងសាធារណកាលនិងដឹកបញ្ជូនក៏ធ្លាក់មានគម្រោងថានិងដកបង្គោលខ្សែកាបអ៊ុបតិចចេញពីកណ្តាលផ្លូវបន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រហូតមានបុរសម្នាក់បានស្លាប់បាត់បង់ជីវិត តែអស់រយៈពេលប៉ុន្មានខែមកហើយនៅតែមិនទាន់ឃើញមានចំណាត់ការរបស់ក្រសួងសាធារណការនិងដឹកបញ្ជូនមួយណានៅឡើយនោះទេ៕
មតិយោបល់