ភ្នំពេញៈ យុវតីម្នាក់ចេញពីប្រឡងជិះម៉ូតូត្រលប់ទៅផ្ទះវិញដល់ពាក់កណ្តាលផ្លូវ ត្រូវម៉ូតូរ៉ឺម៉កកង់បីបុកពីក្រោយ បណ្តាលឲ្យដួលសន្លប់បាត់មាត់បាត់កឈឹង។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ យុវតីរងគ្រោះជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1P8997 ចេញពីប្រឡងវិញក្នុងទិសដៅពីលិចទៅកើតខណៈនោះក៏មានរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿងពុំចាំស្លាកលេខ បើកលឿនដូចហោះបោះពួយទៅបុកម៉ូតូពីក្រោយយុវតីដែលកំពុងជិះម៉ូតូពេញទំហឹង ដួលសន្លប់បាត់មាត់ឈឹង។ ពេលឃើញយុវតីខាងលើនេះដួលសន្លប់ហើយនោះជនបង្កបើករ៉ឺម៉កកង់បីពុំបានឈប់រ៉ឺម៉កជួយមើលឡើយ ដោយខ្វះការទទួលខុសត្រូវ ព្យាយាមបើករ៉ឺម៉កគេចខ្លួនបាត់ដោយសុវត្ថិភាព។
ចំណែកយុវតីរងគ្រោះខាងលើត្រូវបានមិត្តភក្តិនិងប្រជាពលរដ្ឋនៅក្បែរនោះបានជួយយកប្រេងខ្យល់រិតលាបឲ្យហើយបញ្ជូនតាមម៉ូតូកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ដែលនៅក្បែរកន្លែងកើតហេតុ៕
មតិយោបល់