(ម៉ានីល)៖ បេក្ខជនប្រធានាធិបតីហ្វីលីពីន Manny Pacquiao និងជាអតីតស្តេចប្រដាល់អាស៊ី បានសារភាពថា កាលពីក្មេងលោកធ្លាប់ប្រើកញ្ឆារ និងម៉ាទឹកកក គឺដោយសារតែខ្លួនឆោតល្ងង់ និងពុំយល់ពីច្បាប់។
Manny Pacquiao ធ្វើការកត់សម្គាល់បែបនេះនៅបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ អតីតស្ដេចប្រដាល់អាស៊ីរូបនេះ បានបញ្ជាក់ដូច្នេះថា « កាលពីពេលនៅក្មេង ខ្ញុំនៅឆោតល្ងង់ណាស់ ដូច្នេះហើយ ទើបខ្ញុំទៅប្រើគ្រឿងញៀន… ពេលនោះខ្ញុំមិនយល់ច្បាស់ពីច្បាប់ឡើយ»។ លោកបន្ថែមថា ប៉ុន្តែសព្វថ្ងៃនេះវិញ ជនល្មើសដឹងច្បាស់ហើយថា គ្រឿងញៀនគឺខុសច្បាប់ ហើយអ្នកនោះគួរតែត្រូវដាក់ទោស។
ការសារភាពរបស់ Manny Pacquiao កើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតី Rodrigo Duterte បានចោទប្រកាន់ថាមានបេក្ខជនប្រធានាធិបតីហ្វីលីពីនម្នាក់កំពុង ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយមិនបានបង្ហើបអត្តសញ្ញាណឡើយ។ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន, អំពើពុករលួយ, និងភាពក្រីក្រ ធ្វើជាប្រធានបទគន្លឹះ សម្រាប់យុទ្ធនាការរបស់សេ្ដចប្រដាល់អាស៊ីរូបនេះ ដើម្បីឆ្ពោះទៅប្រកួតប្រជែងយក តំណែងប្រធានាធិបតីហ្វីលីពីន បន្តពីលោក ឌូតឺតេ ក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២២ ខាងមុខ៕
ប្រភព៖ AFP
មតិយោបល់