ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូវ៉េវ ស្លាប់២នាក់បងប្អូនយ៉ាងរន្ធត់

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និង ម៉ូតូ បណ្ដាលបុរស២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ២ គីឡូម៉ែត្រ២៨-២៩ ភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង រវាងម៉ូតូម៉ាកWave សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1V-7090 បើកបរដោយឈ្មោះ សេង សុខហេង ភេទប្រុស អាយុ២៤ឆ្នាំ មានអ្នករួមដំណើរម្នាក់ ឈ្មោះ ជឹម វណ្ណាត ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវជាបងប្អូននឹងគ្នា អ្នកទាំង២នាក់នៅភូមិក្រាំងធ្នង់ ឃុំក្រាំង ស្រុកបាទី ខេត្តតាកែវ បើកបរក្នុងទិសដៅពីតាកែវមកភ្នំពេញ(ពីត្បូងមកជើង) ស្លាប់នៅកន្លែងកើតហេតុទាំង២នាក់។

ចំណែកភាគីរថយន្តម៉ាក Hyundai កូរ៉េប្រភេទដឹកទំនិញ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3A-6381 អ្នកបើកបរ(គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីភ្នំពេញទៅតាកែវ(ពីជើងទៅត្បូង)បញ្ចា្រសទិសគ្នា

មុនពេលកើតហេតុ គេឃើញ រថយន្តម៉ាកHyundai កូរ៉េ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3A-6381 បើកបរក្នុងទិសដៅពីជើងមកត្បូង(ពីភ្នំពេញទៅតាកែវ)មកដល់កន្លែងកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងទៅបុកនិងម៉ូតូម៉ាកWave សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1V-7090 បើកបរក្នុងទិសដៅពីត្បូងមកជើង (ពីតាកែវមកភ្នំពេញ) បញ្រ្ចាសគ្នាចំពីមុខផ្នែកង្គៀងខាងឆ្វេង បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ទាំង ២នាក់នៅកន្លែងកើតហេតុតែម្ដង។

បច្ចុប្បន្នសពទាំង ២នាក់ត្រូវបានប្រគល់ជូនសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងរថយន្ត និងម៉ូតូខាងលើកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់