ព័ត៌មានជាតិ

កងរាជអាវុធហត្ថក្រុងច្បារមន ឃាត់ខ្លួនយុវជន ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ នៅចំណុចភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀនខុសច្បាប់។

ការបង្ក្រាបបទល្មើសនេះដឹកនាំលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានក្រុងច្បារមន ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។

យោងតាមព័ត៌មាន របស់ទំព័រហ្វេសប៊ុក អាវុធហត្ថខេត្តកំពង់ស្ពឺ ជនសង្ស័យទី១ឈ្មោះ ជួន យី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ ហឿន វុទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ភូមិចំបក់ ឃុំវល្លីសស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នៅក្នុងការបង្ក្រាបខាងលើនេះ សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនរួមមាន៖
-គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១៩កញ្ចប់ មានទម្ងន់ស្មើ ១០.១០ក្រាម
-ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១ គ្រឿង
-ថង់ច្រកគ្រឿងញៀន មួយចំនួនធំ
-ដែកកេស ចំនួន ១៣
-ដបសម្រាប់សេពគ្រឿងញៀន ចំនួន ០៦ដប
-ទូរស័ព្ទ ចំនួន ០១គ្រឿង
-និងដាវ ចំនួន ០៥ដើម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់