ភ្នំពេញៈ បុរស និងស្ត្រី ជាមុខសញ្ញាជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ២នាក់ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធ រឿងជួញដូរគ្រឿងញៀន ជាង ២គីឡូក្រាម។
បើយោងតាមការចេញផ្សាយរបស់ទំព័រហ្វេសប៊ុន អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថាជនសង្ស័យទី១មានឈ្មោះ ផន ពិសី ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិខ្មែរ និងទី២ឈ្មោះ វិន ចន្ធី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ។
គួររំលឹកថា សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀននៅចំណុច ក្នុងផ្ទះជួល លេខ១៣អា ផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួបានស្ត្រីជាជនសង្ស័យខាងលើ និងដកហូតបាន ជាវត្ថុតាង៖
-គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ហៅថា ម៉ាទឹកកក ចំនួន ១០២៩.៧៩ក្រាម (ជាងមួយគីឡូក្រាម)
-គ្រឿងញៀន ថ្នាំគ្រាប់មេតំហ្វេតាមីន (WY) ១០៩.០៥ក្រាម (ជិត២ខាំ)
-និងជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០២គ្រឿង។
នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចបានបន្តស្រាវជ្រាវ ឃាត់ខ្លួនបក្ខពួក គឺបុរសជាជនសង្ស័យខាងលើ នៅចំណុចមុខបូរីឡាយគង់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបានវត្ថុតាងជាគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ice) ហៅថា ម៉ាទឹកកក ចំនួន ៩៩៩.៦៦ក្រាម (ជិត១គីឡូក្រាម) បន្ថែមទៀត។
បើយោងតាមរបាយរបស់សមត្កិច្ច គ្រឿងញៀនដែលដកហូតទាំង ២លើកគឺសរុប ចំនួន ២១៣៨.៥ក្រាម (ជាង២គីឡូក្រាម)៕
មតិយោបល់