ព័ត៌មានជាតិ

បុរសជនជាតិចិន បើករថយន្តចេញពីអាហារដ្ឋាន​យីហោ​គូសាំង​ យៀន ត្រូវម៉ូតូស្កុបពីទើបនឹងទិញក្តៅៗបុករបួស២នាក់!

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ បើករថយន្តចេញពីអាហារដ្ឋានមួយកន្លែងដោយមិនបានប្រយ័ត្ន ក៏ត្រូវម៉ូតូស្កូបពីជិះមកបុកពេញទំហឹង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍​នេះ​បាន​កើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ​២០១៨​ នៅចំណុចមុខអាហារដ្ឋាន​យីហោ​គូសាំង​ យៀន​ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស​ ស្ថិតក្នុងសង្កាត់បឹកកេងកងទី១​ ខណ្ឌចម្ការមន។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកព្រូស​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ 2S-0196 ចេញពីអាហារដ្ឋានមួយកន្លែងដែលមានយីហោ​ គូសាំងយៀន​ បំណងបើកទៅទិសដៅខាងជើង ​គ្រាន់តែបើកចេញបានបន្តិចក៏ត្រូវម៉ូតូម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខ ដែលទើបនឹងទិញពេលល្ងាចបើកបរដោយបុរសម្នាក់និងរួមដំណើរដោយបុរសម្នាក់ទៀតធ្វើដំណើរពីត្បូងទៅជើងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីចំហៀងរថយន្តពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ តែម្តង។ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុជនងគ្រោះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ។ ដោយឡែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមនរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់