ភ្នំពេញៈ ក្មេងស្ទាវមួយក្រុមជិះម៉ូតូប្រដេញគ្នាយ៉ាងលឿន បានជ្រុលទៅបុកចូលក្រោមរថយន្ត LAND CRUISER ស៊េរីទំនើបមួយគ្រឿង ដែលកំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យយុវជន២នាក់ បោកក្បាលនឹងថ្នល់របួសធ្ងន់ សន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ នៅចំណុចជិតមជ្ឍមណ្ឌលម៉ូឌែន២ ស្ថិតតាមកំណត់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថានៅមុនកើតហេតុគេឃើញ ក្រុមក្មេងស្ទាវជាច្រើននាក់ ជិះម៉ូតូ៣-៤គ្រឿង ឌុបគ្នាក្នុងល្បឿនយ៉ាងលឿន ដោយខ្លះមានកាន់ខ្សែក្រវ៉ាត់ជាប់ដៃ តាំងពីជិតរង្វង់ព្រះនរាយណ៍ ក្នុងទិសដៅពីត្បូងទៅជើង តាមផ្លូវជាតិលេខ២ ដោយដេញវាយគ្នាយ៉ាងអណាធិបតេយ្យ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ក៏បានវាក់អឺនឹងរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LAND CRUISER ពណ៌ស (គ្មានស្លាកលេខ) បើកបរដោយនារីរូបស្រស់ម្នាក់ ដោយធ្វើដំណើរពីជើងទៅត្បូង ហើយបានបត់ឆ្លងផ្លូវត្រឡប់ក្រោយ បានពាក់កណ្ដាលផ្លូវ ក៏ត្រូវបានក្មេងស្ទាវ២នាក់ដែលជិះម៉ូតូ Nex ពណ៌ស ស្លាកលេខ កំពង់ឆ្នាំង 1D-5732 ឌុបគ្នាក្នុងលឿនយ៉ាងលឿននោះ ក៏បានបុកចំពីចំហៀងរថយន្តខាងស្ដាំ បណ្ដាលឲ្យម៉ូតូចូលទៅក្រោមរថយន្ត ចំណែកយុវជនទាំង២នាក់ ខ្ទាតផ្លោង ពីលើម៉ូតូបោកក្បាលនិងថ្នល់ហូរឈាមសន្លប់ស្ដូកស្ដឹងទាំង២នាក់តែម្ដង ហើយរហូតទាំងខ្សែក្រវ៉ាត់មួយ ដែលមូលកាន់នៅដៃ ធ្លាក់នៅកន្លែងកើតហេតុផងដែរ។
ភ្លាមនោះនារីម្នាក់ដែលជាអ្នកបើករថយន្ត បានចុះពីលើរថយន្តទាំងអារម្មណ៍ភ័យស្លន់ស្លោរ រួចទាក់ទងទៅប្រាប់សាច់ញាតិឲ្យមកកន្លែងកើតហេតុ ដើម្បីជួយដោះស្រាយ។ រីឯក្មេងស្ទាវទាំង២នាក់ដែលរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងនោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពចាក់អង្រែ ចេញមកដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកច្បារអំពៅ ។
បន្តិចក្រោយមកមានកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម និងកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យ ចុះមកដល់កន្លែងកើតហេតុ សហការគ្នាជួយសម្រួលចរាចរណ៍ និងរាយការណ៍ប្រាប់កម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ ចុះមកធ្វើការវាស់វែង រួចយករថយន្តនិងម៉ូតូទៅរក្សាទុក នៅផែននគរបាលសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំភាគីទាំងសងខាង ចូលមកដោះស្រាយគ្នាពេលក្រោយ៕
មតិយោបល់