ព័ត៌មានជាតិ

រថយន្តដឹកសំពីងសំពោង បើកទាក់ខ្សែភ្លើងបណ្តាលឲ្យដាច់ធ្លាក់ពេញផ្លូវ

ភ្នំពេញៈ រថយន្តសណ្តោងធន់ធំដឹកគ្រឿងចាក់(ម៉ាស៊ីនស្ទូច)ខ្ពស់លើកកំណត់ទៅទាក់ខ្សែភ្លើងដែលអូសកាត់ទទឹង បណ្តាលដាច់ធ្លាក់ទៅទាក់បង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បាក់រំលំដល់ដីនិងបង្កឲ្យបុរសម្នាក់ជិះម៉ូតូមកពីក្រោយទាក់រងរបួស។

ហេតុការណ៍នេះបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលា១១និង២០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងត្បូងផ្សារដីហុយប្រមាណ១០ម៉ែត្រ តាមបណ្តោយផ្លូវហាណូយកែង និងផ្លូវដីថ្មី ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ជាប្រភេទរថយន្តសណ្តោងដឹកគ្រឿងចាក់(ម៉ាស៊ីស្ទូច) ពាក់ស្លាកលេខ កណ្តាល 3A-1098 ដោយធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។ លុះដល់ចំណុចដោយរថយន្តខាងលើ ដឹកខ្ពស់ពេកក៏បណ្តាលឲ្យទាក់នឹងខ្សែភ្លើងដែលអូសកាត់ទទឹងផ្លូវដាច់ធ្លាក់ទៅទាក់ និងបង្គោលភ្លើងបំភ្លឺផ្លូវដែលនៅសួនច្បារមួយដើមដាច់បាក់ដួលដល់ដី និងស្របពេលនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាក សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-2460 ដែលបើកបរដោយបុរសម្នាក់មកពីក្រោយហើយក៏ទាក់កនឹងខ្សែភ្លើងបណ្តាលឲ្យដួលរងរបួសស្រាល។ ភ្លាមៗនេះរថយន្តបង្កបានព្យាយាមបើករត់គេចទៅបានប្រមាណ១០០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចមូលដ្ឋានដែលកំពុងជិះល្បាតឃើញហើយក៏ធ្វើការស្ទាក់ឃាត់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុរថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចជំនាញនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់