ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យឆក់កាបូប២នាក់ ផ្ទុះអាវុធ១គ្រាប់បណ្តាលឲ្យរបួសជនសង្ស័យម្នាក់នៅខណ្ឌសែនសុខ

ភ្នំពេញ: ជនសង្ស័យ២នាក់ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលភ្នំពេញថ្មីប្រទះឃើញ សង្ស័យជាចោរឆក់ ហើយក៏មានការសង្ស័យក៏ជិះប្រដេញរហូតមានការផ្ទុះអាវុធបណ្តាលឲ្យជនសង្ស័យម្នាក់ ត្រូវរបួសដៃទើបអាចធ្វើការឃាត់ខ្លួនបានទាំង២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងត្បូងវត្តឃ្មួញ ប្រមាណ៥០ម៉ែត្រ តាមបណ្តោយហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យទី១ដែលជាអ្នកបើកម៉ូតូមានឈ្មោះ ហេង ដាវីត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២ដែលជាអ្នកអង្គុយក្រោយមានឈ្មោះ សេន ឡេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសម្តីពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មីបានរាប់រៀបប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានគេរាយការណ៍តាមវិទ្យុទាក់ទងថាមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងបានធ្វើសកម្មភាពឆក់កាបូបនៅខាងមុខផ្សារហេងលី តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បានសម្រេចហើយក្រុមជនសង្ស័យបានជិះរត់គេចខ្លួនឆ្ពោះឡើងទៅផ្លូវ៥៩៨។ បន្ទាប់ពីបានដំណឹងពីវិទ្យុទាក់ទងរួចមកកម្លាំងពួកគាត់ក៏បានជិះល្បាតក្នុងមូលដ្ឋានក្រែងលោក្រុមជនសង្ស័យនោះ ជិះម៉ូតូគេចខ្លួនចូលមកក្នុងភូមិសាស្ត្ររបស់គាត់។ ហើយខណ:ពេលដែលជិះល្បាតមកដល់ចំណុចផ្លូវ៥៩៨ កែងនិង ផ្លូវ១៩៨៦ ដែលជាភូមិសាស្ត្ររបស់ពួកគាត់។ ហើយស្រាប់តែប្រទះឃើញជនសង្ស័យទាំង២អ្នកខាងលើជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1J-8936 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច ហើយដោយអត្តសញ្ញាណជនសង្ស័យទាំង២អ្នកខាងលើរួមទាំងម៉ូតូ គឺស្រដៀងនិងអត្តសញ្ញាណរបស់ក្រុមចោរឆក់កាបូបដែលគេរាយការណ៍ប្រាប់តាមវិទ្យុទាក់ទងខាងលើ។

ប្រភពដដែលបន្តថា ភ្លាមៗនោះដោយមានការសង្ស័យទៅលើជនសង្ស័យទាំង២នាក់នោះ កម្លាំងពួកគាត់ក៏បម្រុងនិងធ្វើការស្ទាក់ឃាត់ដើម្បីឆែកឆេរនិងសួរនាំ តែខណ:ពេលដែលជនសង្ស័យឃើញកម្លាំងសមត្ថកិច្ចក៏ស្រាប់តែបន្ថែមល្បឿនជិះរត់គេចខ្លួន ហើយសមត្ថកិច្ចក៏ធ្វើការជិះប្រដេញតាមពីក្រោយ។ បន្ទាប់មកពេលដែលកំពុងធ្វើការជិះប្រដេញតាមផ្លូវ ជនសង្ស័យទាំង២នាក់ខាងលើនោះក៏បានធាក់ទៅលើម៉ូតូរបស់សមត្ថកិច្ចបណ្តាលឲ្យផ្ទុះអាវុធបាញ់មួយគ្រាប់ចំជនសង្ស័យទី២ ដែលអង្គុយពីក្រោយរងរបួសចំដៃខាងស្តាំ។ ភ្លាមៗនោះដែលជនសង្ស័យមានបានឈប់ម៉ូតូនោះទេ គឺនៅតែបន្តដំណើរទៅមុខទៀត រហូតមកដល់ចំណុចកើតហេតុជនសង្ស័យទាំង២នាក់ក៏បានផ្តួលម៉ូតូហើយសមត្ថកិច្ចក៏ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទី១ដែលជាអ្នកបើកម៉ូតូបានភ្លាមៗ។

ដោយឡែកជនសង្ស័យអង្គុយខាងក្រោយដែលរងរបួសដៃខាងស្តាំបានងើបរត់ទៅលោតចូលប្រឡាយទឹកស្អុយដែលមានដើមកំផ្លោកដុះទ្រប់ពេញនៅក្បែរនោះលេចបាត់ស្រមោល បន្សល់ទុកដែលដានឈាមរបស់ជនសង្ស័យស្រក់ជាប់និងដើមកំផ្លោក។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏បានធ្វើការនាំគ្នារុករកជនសង្ស័យដែលលោតទឹកប្រឡាយខាងលើអស់រយ:ពេលមួយម៉ោងទើបជនសង្ស័យខាងលើព្រមងើបចេញពីទឹក រួចក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

ចំពោះករណីខាងលើនោះនៅមិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌសែនសុខប្រាប់ឲ្យដឹងថាជនសង្ស័យទាំង២អ្នកខាងលើមានជាប់ពាក់ព័ន្ធនិងករណីអ្វីពិតប្រាកដនោះទេ។

ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ខាងលើរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

មតិយោបល់